(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១គឺបានអោយដឹងថារដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការតម្រូវឱ្យជនបរទេសស្ទើរតែទាំងអស់ ដែលចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ត្រូវតែជាអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស ដែលនេះជាផ្នែកមួយនៃគម្រោងដកចេញ ការរឹតត្បិត ដែលហាមឃាត់ជនបរទេសមកពីប្រទេសជាច្រើន ចូលមកកាន់ទឹកដីរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើមន្ត្រីសេតវិមាន ម្នាក់ក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះបានឱ្យដឹងទៀតថា សេតវិមាន មានបំណងលុបចោល ការរឹតត្បិតលើការធ្វើដំណើរ ដែលនឹងជួយជំរុញដំណើរការឡើងវិញនូវវិស័យទេសចរណ៍ និងបង្កើន អាជីកម្មសម្រាប់ក្រុមហ៊ុន អាកាសចរណ៍អាមេរិក។
ក៏ប៉ុន្តែផែនការនេះ អាចនឹងមិនត្រូវបានលុប ចោលភ្លាមៗនោះទេ ដោយសារតែករណីឆ្លង COVID-19 កំពុងកើនឡើងជាថ្មី ដែលបង្កឡើងដោយ វីរុសបំប្លែងថ្មី Delta។
មន្ត្រីខាងលើដដែលបានគូសបញ្ជាក់ប្រាប់ Reuters យ៉ាងដូច្នេះថា «រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងធ្វើការលើបង្កើតប្រព័ន្ធថ្មីមួយដើម្បីកំណត់ថា តើពេលណាទើបយើងអាចបើកការធ្វើ ដំណើរឡើងវិញ ក្នុងនោះរួមមានទាំងការលើកលែងពិសេស សម្រាប់ជនបរទេសបានចាក់វ៉ាក់សាំង គ្រប់ដូស ដែលចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក»៕