(គូឡាឡាំពួ)៖ តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១បានអោយដឹងថា រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកច្បាប់នៃប្រទេសម៉ាឡេស៉ី លោក Takiyuddin Hassan បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ី នឹងមិនបន្តអូសបន្លាយការប្រកាសអាសន្នថ្នាក់ជាតិសម្រាប់ COVID-19 ដែលបានដាក់ចេញអស់រយៈពេលជាច្រើនខែមកហើយទៀតឡើយ ខណៈវានឹងត្រូវបញ្ចប់នៅថ្ងៃទី០១ ខែសីហាខាងមុខនេះ។ នេះបើយោង
ប្រទេសម៉ាឡេស៊ី បានស្ថិតនៅក្រោមភាពអាសន្ន ចាប់តាំងពីខែមករាកន្លងមកនេះ ដោយនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មូហៃយ៉ីដឌីន យ៉ាសស៉ីន (Muhyiddin Yassin) បាននិយាយថា វាចាំបាច់ណាស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ ប៉ុន្តែទោះបីជាមានការបិទខ្ទប់យ៉ាងតឹងរ៉ឹងក៏ដោយ ក៏ករណីឆ្លងជំងឺរាតត្បាតដ៏កាចសាហាវនេះ នៅក្នុងប្រទេសម៉ាឡេស៊ី នៅតែបន្តកើនឡើងកាន់តែខ្លាំងឡើងៗដដែល។
ជុំវិញបញ្ហានេះ លោក Takiyuddin Hassan បានគូសបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៉ី នឹងមិនស្នើសុំព្រះមហាក្សត្រ ដើម្បីពន្យារភាពអាសន្ននោះទេ។ ប្រទេសម៉ាឡេស៊ី ស្ថិតនៅក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រមិនសូវមាន អំណាចប៉ុន្មានទេ ដោយទ្រង់បំពេញភារកិច្ច ក្រោមការផ្តល់ប្រឹក្សាពីសំណាក់នាយករដ្ឋមន្រ្តី និងរដ្ឋាភិបាល។ ប៉ុន្តែព្រះមហាក្សត្រម៉ាឡេស៉ី មានអំណាចក្នុងការសម្រេចថា គួរឬមិនគួរប្រកាសភាពអាសន្ន នៅក្នុងប្រទេស។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ១,០១៣,៤៣៨ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៩៩៤នាក់ និងអ្នកជាសះស្បើយ ៨៤៤,៥៤១នាក់៕