ប្រទេសថៃមាន មនុស្ស ១១,៧៨៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨០នាក់ស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

យោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១បានអោយដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ ទើបតែបានរាយការណ៍ពីចំនួន អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុប ១១,៣០៥នាក់ ដែលត្រូវបានរកឃើញក្នុងកំលុងពេល ២៤ម៉ោង មុន ខណៈអ្នកជំងឺ ៨០នាក់ទៀតបានបាត់បងជីវិត។

តួលេខខាងលើនេះគឺជាអត្រាឆ្លង COVID-19 ប្រចាំថ្ងៃក្នុងកម្រិតខ្ពស់ និងជាការហក់ឡើងដល់ ខ្ទង់ម៉ឺនករណី ក្នុងរយៈពេល ០៧ថ្ងៃជាប់ៗគ្នាមកហើយ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៤២៦,៤៧៥នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន ៣,៥០២នាក់ និងជាសះស្បើយវិញជិត ២៩៦,២០៨នាក់។

សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ថៃសម្រេចបាន ១៤.២លានដូស ក្នុងនោះប្រជាជនចំនួន ៣.៤៤លាននាក់ (៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ។

សូមបញ្ជាក់ថា ខេត្តមួយចំនួននៃប្រទេសថៃ ក្រៅពីទីក្រុងបាងកកដូចជា ឈុនបុរី អយុធ្យា និងឆាឆឹង សៅជាដើម ការរឹតត្បិតភាគច្រើនកំពុងត្រូវបានអនុវត្ត ក្នុងនោះមានដូចជា ការបិទផ្សារទំនើបចាប់ពី ម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីទាបភ្លឺជាដើម។

ដោយឡែកការហាមប្រាមជួបជុំគ្នា ត្រូវបានដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស ហើយអ្នកដែលល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ ៤០,០០០បាត ឬស្មើនឹងជាង ១,២០០ដុល្លារសហរដ្ឋអាមេរិក៕