មន្ត្រីជំនាញ រកឃើញអាកុលក្លែងក្លាយជាង២០០លីត្រ និងទឹកដោះគោខូចគុណភាពមួយចំនួននៅក្រុងស្វាយរៀង

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទំនិញ និងឃ្លាំមើលទំនិញចេញពីប្រភពដើមរហូតដល់ទីតាំងកន្លែងចែកចាយផលិតផលអាល់កុល ជែលលាងដៃ និងតាមដាន តំលៃ ទំនិញ ជាពិសេសតំលៃអាកុល ស្លាកសញ្ញា តំលៃម៉ាស់ នៅតាមបណ្ដាដេប៉ូ ម៉ាត ឃ្លាំងទំនិញ ឪសថស្ថាន ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក ផឹង និល បានថ្លែងថា សកម្មភាពការងារចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានពិនិត្យទៅលើអាល់កុល ជែលលាងដៃនៅតាមឪសថស្ថាន បានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល និងជែលលាងដៃដើម្បីស្វែងរកអាល់កុលក្លែងក្លាយផងដែរ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្ត មន្ត្រីជំនាញបានរកឃើញអាល់កុលក្លែងក្លាយចំនួន ២៤០លីត្រ ម្សៅទឹកដោះគោ ម៉ាក DUMEX ចំនួន ៦កំប៉ុង ទឹកដោះគោកំប៉ុងក្រដាស់ចំនួន ៤៦កំប៉ុងខូចគុណភាព ហើយមន្ត្រីជំនាញក៏បានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ និងអាល់កុលក្លែងក្លាយ ធ្វើការដុតកម្ទេចចោល តែម្តង។

លោក ផឹង និល បានបន្តថា អាល់កុលក្លែងក្លាយទាំងនេះ អាចប៉ះពាល់លើសុខភាពរួមមាន៖ រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ ដោយនាំចូលនូវអាល់កុលសុទ្ធ។ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ផងដែរ៕