សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្រ ទី២កក្កដា បានដាក់ទណ្ឌកម្មថ្មីលើបុគ្គល២២នាក់ រួមមានរដ្ឋមន្ត្រី៤រូបក្នុងរដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្ន ដើម្បីជាការឆ្លើយតបនឹងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ និងការបង្ក្រាបលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។
នៅក្នុងចំណាត់ការ២ទិស ក្រសួងរតនាគារនិងពាណិជ្ជកម្មអាម៉េរិក បានប្រកាសដាក់ទោសនេះជាផ្នែកនៃការឆ្លើយតបជាបន្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចំពោះការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។
រដ្ឋមន្ត្រីការបរទេស អ៊ែនថូនី ប្លីងកិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ ទណ្ឌកម្មថ្មីនេះជាការឆ្លើយតបនឹងយុទ្ធនាការហិង្សាដ៏ព្រៃផ្សៃប្រព្រឹត្តឡើងដោយរបបយោធាមីយ៉ាន់ម៉ានិងដើម្បីបន្តឆ្លើយតបនឹងរដ្ឋប្រហារយោធា។
លោកបានបន្ថែមថា ទណ្ឌកម្មនេះមិនសំដៅលើប្រជាជនមីយ៉ានម៉ាទេ តែមានបំណងដាក់សម្ពាធយោធាអោយស្តារមាគ៌ាឆ្ពោះទៅកាន់លទ្ធិប្រជា ធិបតេយ្យជាបន្ទាន់។
ក្នុងពេលជាមួយគ្នា ក្រសួងពាណិជ្ជកម្មអាម៉េរិក បានដាក់ទណ្ឌកម្មលើអង្គភាពពាណិជ្ជកម្មចំនួន៤ ដែលមានការជាប់ពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា។
ចំណាត់ការនេះត្រូវបានធ្វើឡើងក្រោយពីរបបយោធាមីយ៉ាន់ម៉ាច្រានចោលតួលេខចេញដោយអង្គការសហប្រជាជាតិដែលថា មានសេចក្តីរាយ ការណ៍ថាកងកម្លាំងសន្តិសុខបានសម្លាប់ជនអត់អាវុធ៨៨៣នាក់ រួមមានមនុស្សយ៉ាងតិចណាស់៤០នាក់ស្លាប់ក្នុងពេលឃុំខ្លួន៕