ស្ថានទូតអូស្រ្ដាលី ឧបត្ថម្ភសម្ភារៈបង្ការជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប

ស្ថានទូតអូស្រ្ដាលី ប្រចាំកម្ពុជា តាមរយៈគម្រោងកម្មវិធី ACCESS ក្រោមកិច្ចសហការជាមួយ ក្រសួងកិច្ចការនារី បានផ្តល់សម្ភារបរិក្ខាសុខាភិបាល មួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប ក្នុង បំណងរួមចំណែកបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងសហគមន៍។ អំណោយដែលបានផ្តល់ជូននៅពេលនោះ មានអាល់កុលចំនួន១០កេស ស្មើនឹង៩៩៩ដប ត្រូវបាន មន្ទីរកិច្ចការនារីខេត្តសៀមរាប ផ្តល់ជូនថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ទឹកចិត្តដ៏ សប្បុរស ធម៌ របស់ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ក៏ដូចក្រសួងកិច្ចការនារី ដែលបានផ្តល់ជូននូវសម្ភារៈ បម្រើ ការក្នុងការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប។

ឯកឧត្តម បន្ថែមថា ក្នុងករណីដែលកម្ពុជាបានកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្តបាន ផ្តល់ នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការ ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលបានវិលមកពីក្រៅប្រទេស និងរាជធានី-ខេត្ត ដែលជួបនូវហានិភ័យ ខ្ពស់ នៃជំងឺកូវីដ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ។

ឯកឧត្តម អភិបាលរងខេត្ត បានបន្តថា ក្រោមការគិតគូរទុកជាមុនថា បង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែរ ចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និងក្រោយពេលមានការផ្ទុះជំងឺក្នុង សហគមន៍។ ទោះជាយ៉ាងណា លោក ពិន ប្រាកដ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តការប្រុង ប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ គឺ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ ខេត្តសៀមរាប បានរកឃើញ អ្នកមានជំងឺកូវីដ-១៩ សរុបចំនួន១,២៦៩នាក់ ព្យាបាលជាសះស្បើយចំនួន៤៨៣នាក់, ស្លាប់១៣ នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន៧៧៣នាក់៕