ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថា ការឆ្លងរាល ដាលនៃជំងឺកូវីជ-១៩ នៅក្នុងខេត្តព្រះសីហនុមានសភាពធូរស្រាលបន្តិចហើយ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការអនុវត្តស្តង់ដារសុវត្ថិភាពសម្រាប់ការលក់ដូរ នៅតាមលំនៅឋាន តាមផ្សារម៉ាត និងទីតាំងរៀបរយផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធ។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំបំពេញការងារដោយស្មារតី និងឆន្ទ: ប្រកប ដោយការទទួលខុសត្រូវ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា មកដល់ ពេលនេះការឆ្លងរាលដាលនៃជំងឺកូវីជ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅក្នុងខេត្តព្រះសីហនុមានសភាពធូរស្រាលបន្តិចហើយ ដោយសារវិធានការនានាត្រូវបានដាក់ចេញ ព្រមទាំងការចូលរួមរអនុវត្តយ៉ាងសស្រាក់សស្រាំពីអ្នកពាក់ព័ន្ធរួមមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្ត រួមទាំងប្រជាពលរដ្ឋមួយចំនួនធំ ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យរដ្ឋបាលខេត្តព្រះសីហនុអាចគ្រប់គ្រងស្ថានភាពបានជាបណ្តើរៗ ហើយតួលេខនៃករណីឆ្លងជំងឺកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់។

តាមរយៈការដាក់ចេញនូវវិធានការនានាក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់វិស័យសង្គម និងសេដ្ឋកិច្ចទូទៅ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់មុខរបរពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងជាទូទៅផងដែរ ក្នុងនោះការលក់ដូរទំនិញរបស់បងប្អូនអាជីវករនៅតាមផ្សារនានានៅក្នុងក្រុងព្រះសីហនុ ត្រូវបានផ្អាកអាជីវកម្មលក់ដូរទាំងស្រុង ព្រោះថាបើយោងតាមស្ថានភាពជាក់ស្តែង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមទីផ្សារមានសកម្មភាពឆ្លងរាលដាលលឿន មានទំហំធំ ហើយងាយឆ្លងបន្តចូលក្នុងសហគមន៍យ៉ាងឆាប់រហ័សធ្វើឱ្យមានការលំបាកគ្រប់គ្រងស្ថានការណ៍ និងងាយរងគ្រោះថ្នាក់ជាទីបំផុត។ ដោយហេតុនេះ រដ្ឋបាលខេត្តព្រះសីហនុនៅបន្តបិទអាជីវកម្មលក់ដូរនៅតាមផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្តុំ និងហាមឃាត់ការលក់ដូរនៅតាមទីសាធារណៈដែលគ្មានសុវត្ថិភាព និងគ្មានសណ្តាប់ធ្នាប់។

ដើម្បីធានាបានប្រក្រតីភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងឈានទៅស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក៏ដូចជាទម្លាប់ឱ្យប្រជាពលរដ្ឋយើងរស់នៅតាមបែបគន្លងថ្មី រដ្ឋបាលខេត្ត សូមលើកចិត្តឱ្យបងប្អូនអាជីវករលក់ដូរតាមលំនៅឋាន តាមផ្សារម៉ាត និងទីតាំងរៀបរយផ្សេងទៀត ដោយអនុវត្តតាមគោលការណ៍ណែនាំពីស្តង់ដារសុវត្ថិភាពដែលដាក់ចេញដោយរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាខេត្តជាប់ មាត់ សមុទ្រមួយនេះ ជាក់ជាមិនខានឡើយ ៕ ដោយមនោរាហ៍