ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា មានផែនការចាក់វ៉ាក់សាំងកូវីដ-១៩ឲ្យបាន១លានដូស ក្នុងរយៈពេល១ខែ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតាមរយៈសារជាសម្លេងនៅថ្ងៃច័ន្ទនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏ថា យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានអន្តរាគមន៏ពីពេទ្យថ្នាក់ជាតិចូលរួម។ តាមគម្រោងក្នុងមួយខែ រាជរដ្ឋាភិបាល មានផែនការចាក់វ៉ាក់សាំង ឲ្យបានយ៉ាងហោច១លានដូស ត្បិតវ៉ាក់សាំងដែលកម្ពុជា ទិញ និងវ៉ាក់សាំងជាជំនួយ នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើឲ្យអភិបាលខេត្តទាំងអស់ ត្រូវទទួលរ៉ាប់រងការស្នាក់នៅរបស់គ្រូពេទ្យ ដែលចល័តទៅតាមបណ្តាខេត្ត ដើម្បីជួយចាក់វ៉ាក់សាំងប្រជាពលរដ្ឋ ព្រោះសណ្ឋគារ និងផ្ទះសំណាក់នៅសល់ច្រើន ដែលអាចពឹងអាស្រ័យ ដើម្បីផ្តល់ឲ្យគ្រូពេទ្យស្នាក់នៅ ចៀសវាងការយកថវិកាទៅជួលបន្ថែម ខណៈពួកគេទៅជួយប្រជាពលរដ្ឋ។ សម្តេចបញ្ជាក់ថា ថ្នាក់ជាតិទទួលខុសត្រូវការហូបចុក និងការធ្វើដំណើរ ប៉ុន្តែការស្នាក់នៅខេត្ត ជាការរ៉ាប់រងទទួលខុសត្រូវ ។
គណៈកម្មការចំពោះកិច្ច រៀបចំគម្រោងនៃការចំណាយតែទៅលើធ្វើដំណើរ និងការហូបចុកបានហើយ ប៉ុន្តែសម្រាប់ការស្នាក់នៅគឺអាជ្ញាធរខេត្តជាអ្នកទទួលខុសត្រូវ។ អភិបាលខេត្ត នឹងធ្វើបានល្អយ៉ាងល្អ ដោយនឹងមានការសហការគ្នាយ៉ាងណា ដើម្បីកាត់បន្ថយការចំណាយរបស់ថ្នាក់ជាតិ ដើម្បីទុកចំណាយរបស់ថ្នាក់ជាតិ ធ្វើការចាក់វ៉ាក់សាំងជូនពលរដ្ឋ កុំឲ្យទុកពេលវេលាយូរ។ ចាក់វ៉ាក់សាំង១លានដូស ក្នុងមួយខែ ខណៈខេត្តកំពុងរៀបចំ៣០០កន្លែង ទូទាំងប្រទេស ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចតេជោ បានស្នើឲ្យបណ្តុះបណ្តាលគ្រូពេទ្យរដ្ឋនៅមូល ប៉ុន្តែមិនត្រូវធ្វើឲ្យប៉ះពាល់ការងារ ដែលកំពុងប្រតិបត្តិនៅតាមមន្ទីរពេទ្យបង្អែកនោះទេ ពោលបណ្តុះបណ្តាលពេទ្យ ដែលមិនសូវរវល់ ជាមួយនឹងការស្វែងរកសេវាគ្រូពេទ្យឯកជន ដើម្បីយកមកធ្វើការហ្វឹកហ្វឺន បន្ថែមពីលើចំនួនគ្រូពេទ្យស្ម័គ្រចិត្តច្រើនក្រុម ដែលមានស្រាប់។
សូមជម្រាបថា កាលពីថ្ងៃសុក្រទី២៦ មីនាកន្លងទៅ កម្ពុជាទើបទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន ចំនួន១លាន ៥សែនដូស ស្របពេលដែលវ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់ចិនចំនួន៧០ម៉ឺនដូសបន្ថែមទៀត នឹងមកដល់កម្ពុជានៅថ្ងៃទី៣១ មីនាខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនចំនួន៤លានដូសបន្ថែម និងនៅមាន ជំនួយវ៉ាក់សាំង Astrazeneca តាមរយៈយន្តការកូវ៉ាក់បន្ថែមទៀតផងដែរ៕