កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងសហគមន៍ជាថ្មីចំនួន ៣២ករណីផ្តើមចេញពីក្លិបកំសាន្ត N8 អូឡាំព្យ៉ា

ភ្នំពេញ ៖ តាមរយៈការផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា ព្រឹកទី២០ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ ជាលើកទី៣ ដែលជា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ។ បើតាមសម្តេច ចំណុចចាប់ផ្តើម នៃការរីករាល់ដាលឆ្លងសហគមន៍នេះផ្តើមឡើងនៅក្លិប N8 ដែលមានទីតាំងស្ថិតនៅម្តុំស្តាតអូឡាំពិក។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ត្រឹមតែជាង១០ ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិ បាលបានរកឃើញការឆ្លងកូវីដ-១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ រហូតដល់៣២ ករណី ដែលជាករណីមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានថ្លែងថា សម្រាប់អ្នករកឃើញឆ្លងកូវីដ១៩ ថ្មីទាំង៣២នាក់នេះ ភាគ ច្រើនជាជនជាតិចិន។

សម្តេចតេជោ បានបញ្ជាឲ្យបិទក្លិប N8 អគារអាផាតមិន មួយចំនួនទៀត ដើម្បីស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ មកធ្វើតេស្តរកជំងឺកូវីដ១៩នេះ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធក្លឹប N8 ត្រូវម្ចាស់ការមកធ្វើ
តេស្តកូវីដ-១៩ឲ្យបានគ្រប់គ្នា និងត្រូវធ្វើចត្តាឡីស័ករយ: ពេល១៤ថ្ងៃឲ្យត្រឹមត្រូវ។ តែទោះយ៉ាងណា សម្តេចតេជោ សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សូមជម្រាបថាមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៥១៦ករណី នឹងមានអ្នកជាសះស្បើយចំនួន៤៧០ករណី៕