ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន បានបញ្ជាក់ថា បើគិតជាផលចាប់ទឹកសាបសរុប ក្នុងឆ្នាំនេះអាចមានកម្រិតទាបជាងឆ្នាំកន្លង មកប្រមាណ ១៣ % ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ។ ការបញ្ជាក់នេះធ្វើ ឡើងនៅគ្រាដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើ ញមកពិនិត្យសកម្ម ភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមាញឹក សស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឭ ខេត្តកណ្តាល។
បើយោងតាមសេចក្តីរាយការណ៍ របស់មន្ត្រីរដ្ឋបាលជល ផលបានឲ្យដឹងថា កម្រិតកំពស់ទឹកនៅទីតាំងដាយត្រីនាពេលបច្ចុប្បន្នមានកំពស់ខ្ពស់ជាងឆ្នាំ២០១៩ ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថា នៅខ្នើតក្រោយអាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត។ តែទោះជាយ៉ាងណា តាមលក្ខណបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេ សាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា៣១% ពី១៤ ៣២០ តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ។ ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០ តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨ ០០០ តោន។ ទន្ទឹមនឹងនេះ ផលដែលទទួលបានពីការធ្វើវារីវប្បកម្មមាន ការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ ២០១៩ មានចំនួន ៣០៧ ៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០០ ៤០០តោន។ តួលេខនេះ បានបញ្ចាក់យ៉ាងច្បាស់ថា អនុវិស័យវារីវប្បកម្ម បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់សម្តេចតេជោ គឺត្រូវជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីជាលក្ខណគ្រួសារ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពល រដ្ឋមកធ្វើផ្អក និងប្រហុកឲ្យបានច្រើននៅខ្នើតនេះ និងខ្នើតបន្ទាប់ ក្នុងអំឡុងខែមករាខាងមុខនេះ។ ម្ចាស់ដាយត្រីបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដំបូងត្រីប្រហុកចុះច្រើនដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១ ០០០គ.ក្រ ហើយ ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូងតម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥ ០០០ រ/គ.ក្រ។ ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ១ ០០០-១ ៥០០គ.ក្រ ហើយតម្លៃក៏ល្អជាងគឺ ៣ ០០០រ/គ.ក្រ៕