ដល់រដូវធ្វើប្រហុក ផ្អក និងត្រីឆ្អើរហើយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងពីកាលបរិច្ឆេទនៃរដូវធ្វើប្រហុក ផ្អក។ល។ ចាប់ពីថ្ងៃទី២០ រហូតដល់ ថ្ងៃទី២៦ ខែធ្នូ ខាងមុខ ខណៈអាកាសធាតុ និងមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះនោះទេ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ បានឱ្យដឹងថា រដូវធ្វើប្រហុកបានចាប់ផ្តើមនៅថ្ងៃនេះហើយ គឺចាប់ពីថ្ងៃ ៦កើត រហូតដល់១២កើត ត្រូវនឹងថ្ងៃនេះរហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែលោកបានសន្និដ្ឋានថា ត្រីនឹងចាប់ផ្តើមត្រូវខ្លាំង គឺនៅថ្ងៃទី១០កើត ឬ ១១កើត។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា « ដោយផ្អែកទៅលើស្ថានភាពនៃរបបទឹកបឹងទន្លេសាប នាពេលបច្ចុប្បន្ន គន្លងដាយត្រីនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះ និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រីក្នុងខែបុស្ស នេះ ឱ្យបានរួសរាន់ក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០»៕