នាយករដ្ឋមន្រ្តី លី សៀនឡុង ៖ ប្រទេសសិង្ហបុរីត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនភីហ្វាយហ្ស័រ

សឹង្ហបុរី ៖ ប្រទេសសឹង្ហបុរី បានក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី ដែលបានអនុម័តលើវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនអាមេរិក ភីហ្វាយហ្ស័រ បាយអូតិច ហើយវ៉ាក់សាំងត្រូវបានរំពឹងថា នឹងទៅដល់ប្រទេសនេះនៅចុងខែនេះ។

លោកនាយករដ្ឋមន្រ្តី លី សៀនឡុង បាននិយាយថា ការចាក់វ៉ាក់សាំងនឹងមិនត្រូវគិតថ្លៃទេ។ លោករំពឹងថា ថ្នាំវ៉ាក់សាំងផ្សេងទៀត នឹងទៅដល់ក្នុងពេលប៉ុន្មានខែខាងមុខនេះ។ លោកលីបាននិយាយថា គណៈរដ្ឋមន្រ្តី និងរូបលោកផ្ទាល់ នឹងចាក់វ៉ាក់សាំងមុនគេ ដើម្បីបង្ហាញថា វ៉ាក់សាំងទាំងនោះមានសុវត្ថិភាព ហើយបុគ្គលិកពេទ្យ និងមនុស្សចាស់នឹងត្រូវបានផ្តល់អាទិភាពសំរាប់ការចាក់វ៉ាក់សាំង។

មន្ត្រីសុខាភិបាលនិយាយថា អ្នកដែលមានអាយុក្រោម១៦ ឆ្នាំ និងស្ត្រីមានផ្ទៃពោះនឹងត្រូវដកចេញពីអាទិភាពចាក់វ៉ាក់សាំង ដោយសារទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាពចំពោះមនុស្សបែបនេះមិនទាន់មាននៅឡើយទេ។ ជាមួយគ្នានេះដែររដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សិង្ហបុរីបានប្រកាសថា ប្រទេសនេះនឹងបើកដំណើរការផ្លូវថ្មីដាច់ដោយឡែកមួយ នៅមជ្ឈមណ្ឌលអន្តោប្រវេសន៍ ដើម្បីទទួលភ្ញៀវទេសចរមកពីក្រៅប្រទេសទាំងអស់។ លោក និយាយថា ពាក្យសុំចូលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែមករា។

លោករដ្ឋមន្រ្តីបាននិយាយថាអ្នកដំណើរនឹងត្រូវតម្រូវឱ្យស្នាក់នៅក្នុងទីតាំងដែលបានកំណត់ និងឆ្លងកាត់ការធ្វើតេស្តទៀងទាត់។ ការប្រកាសនេះធ្វើឡើងនៅពេលដែលប្រទេសសឹង្ហបូរីរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំនៅឆ្នាំក្រោយ៕