(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មូលដ្ឋានធំរបស់រាជរដ្ឋាភិបាល គឺការធ្វើបុណ្យ ហើយការធ្វើបុណ្យធំបំផុតដំបូងគេ គឺការរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ និងការជួយដល់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១,១៧០ផ្ទាំង ផ្លូវបេតុង៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។
ថ្លែងនៅក្នុងឱកាសនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សន្ដិភាពអាចឱ្យយើងធ្វើបុណ្យ តែនៅស្រុកខ្មែរការធ្វើបុណ្យនេះហើយ ដែលនាំមកនូវសន្ដិភាពផងដែរ ប្រទាក់ក្រឡាគ្នា ធ្វើបុណ្យយ៉ាងម៉េច រាជរដ្ឋាភិបាល៤៥ឆ្នាំនេះ គោលនយោបាយចេញ កើតចេញពីការធ្វើបុណ្យនេះឯង ធ្វើបុណ្យមុនគេធំបំផុត គឺ ៧មករា ឆ្នាំ១៩៧៩ រំដោះជីវិតមនុស្ស នេះហើយការធ្វើបុណ្យ នៅតាំងពីបាតដៃទទេ រហូតមកដល់យើងមានលទ្ធភាពមកដល់ប៉ុណ្ណេះ មានឱកាសរៀនសូត្រ មានឱកាសកសាងសមត្ថភាព ក្មួយៗនៅទីនេះ នេះហើយគឺជាការធ្វើបុណ្យ ការផ្ដល់សិទ្ធសេរីភាពសាសនា ប្រតិបត្ដិឱកាសរីកចម្រើន គឺជាការធ្វើបុណ្យ ហើយការធ្វើបុណ្យធំបំផុតមួយ ដែលយើងអាចអង្គុយនៅទីនេះបានគឺដោយសារគោលនយោបាយឈ្នះ គឺជាការធ្វើបុណ្យធំណាស់»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា នយោបាយឈ្នះ ឈ្នះ គឺដាក់ចេញពីមូលដ្ឋានយោគយល់គ្នាមិនប្រកាន់ទោសគ្នា នេះហើយការធ្វើបុណ្យ ការមិនប្រកាន់ការរើសអើង ការយោគយល់គ្នា ក្នុងស្មារតីជាខ្មែរ ការធានានូវជីវិតរបស់អតីតខ្មែរក្រហម ការធានានូវទ្រព្យសម្បត្ដិ ការធានានូវការងារ។ សម្ដេចធិបតី បានបន្ដទៀតថា ហើយការធ្វើបុណ្យដែលនាំមកនូវសន្ដិភាព ហើយសន្ដិភាពដែលផ្ដល់ឱកាសឱ្យយើងធ្វើបុណ្យ ដែលទីតាំងនៅកន្លែងនេះ ព្រឹកនេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយ សម្រាប់ប្រទេសកម្ពុជារបស់យើង បើគ្មានការធ្វើបុណ្យគោលនយោបាយ ដាក់នៅក្នុងការយោគយល់គ្នាទេ យើងមិនអាចបញ្ចប់សង្គ្រាមនោះទេ។
ជាថ្មីម្ដងទៀត សម្ដេចធិបតី ក៏បានបញ្ជាក់ទៀតថា សន្ដិភាពកើតឡើងដោយសារការអនុវត្ដគោលនយោបាយ ហើយការធ្វើបុណ្យ ការប្រតិបត្ដិសាសនានេះ មិនត្រឹមតែនាំមកនៅសន្ដិភាពទេ ប៉ុន្ដែក៏ជាគោលដៅក្នុងការថែរក្សាសន្ដិភាព សង្គមមួយគ្មានបុណ្យ គ្មានការយល់ដឹងពីការយោគយល់គ្នា មិនថាសាសនាព្រះពុទ្ធ សាសនាគ្រឹះ សាសនាជនជាតិភាគតិចទេ យើងគ្មានស្ថិរភាពទេ។ បើមនុស្សនៅតែរើសអើង សហគមន៍នូវតែកាប់ចាក់គ្នា មានសាសនាច្រើនតែអត់ត្រូវគ្នាទេ តិចៗឃើញប្រជាជនពីសាសនា តែនៅកម្ពុជាយើងមិនមានជម្លោះសាសនា នេះហើយគឺការយោគយល់ការធ្វើបុណ្យ ដែលមានសុខសន្ដិភាព ដែលមានស្ថិរភាព មិនឱមានជម្លោះគ្នានោះ គឺជាការសំខាន់ណាស់។ មូលដ្ឋាននៅក្នុងសាសនាមួយពាក្យធំ គឺសំខាន់សម្រាប់សង្គមជាតិរបស់យើង ថែរក្សា ស្ថិរភាពរបស់យើង តទៅមុខ និងរីកចម្រើន៕