(អង់ការ៉ា)៖ រដ្ឋាភិបាលអ៉ីតាលី បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីតួកគី លោក Tayyip Erdogan គឺជាភ្ញៀវចុងក្រោយគេដែលត្រូវអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ឬ G7 នៅខែក្រោយនេះ ខណៈទីក្រុងរ៉ូមព្យាយាមពង្រីកការជួបប្រជុំគ្នាឱ្យខុសប្លែកពីសព្វដងដែលមានតែប្រទេស ប្រជាធិបតេយ្យ G7 ចូលរួមប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។
ប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក និងអាហ្វ្រិកខាងត្បូង ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំ ហើយនៅសប្តាហ៍នេះ អ៉ីតាលីនិយាយថា ប្រធានាធិបតីនៃប្រទេស អេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan ក៏នឹងយាងមកចូលរួមផងដែរ។ បើតាមសេចក្តីរាយការណ៍ដែល Reuters ទទួលបាន ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ក៏អាចមានវត្តមាននៅទីនោះដែរ ទោះជាមិនទាន់មានការប្រកាសជាផ្លូវការក្តី។
គួរបញ្ជាក់ថា អ៉ីតាលី នៅឆ្នាំនេះ គឺជាប្រធានប្តូរវេនរបស់ G7 ដែលរួមមានសមាជិកផ្សេងទៀតដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ និងជប៉ុន។ កិច្ចប្រជុំកំពូលនេះ គ្រោងរៀបចំនៅឯរមណីយដ្ឋាន Borgo Egnazia ភាគខាត្បូងនៃតំបន់ Puglia ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤៕