សហរដ្ឋអាមេរិកថា រុស្ស៉ីបដិសេធសំណើសុំដោះលែងពលរដ្ឋអាមេរិក ២នាក់


(វ៉ាស៉ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ គឺ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាន និយាយថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រុស្ស៉ីបានច្រានចោល សំណើដ៏សំខាន់មួយដើម្បីដោះលែង លោក Paul Whelan និង លោក Evan Gershkovich ដែលជាពលរដ្ឋអាមេរិកនិងត្រូវបានឃុំខ្លួន ក្នុងប្រទេសរុស្ស៉ី។

លោក Miller បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា «ប៉ុន្មានសប្តាហ៍មកនេះ ពួកយើងបានរៀបចំសំណើថ្មី និងសំខាន់មួយ ដើម្បីនាំទៅរកការដោះលែង លោក Whelan និងលោក Gershkovich។ ប៉ុន្តែសំណើនោះត្រូវបានរុស្ស៉ីច្រានចោល។ ការបដិសេធនេះ នឹងមិនរារាំងយើងពី ការបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីនាំពួកគេទាំងពីរត្រឡប់មកវិញនោះទេ»។ យ៉ាងនេះក្តី លោក Miller មិនផ្តល់ព័ត៌មានលម្អិតអំពីសំណើនោះទេ ហើយវាជាលើកទីមួយដែលសហរដ្ឋអាមេរិកបង្ហាញ ជាសាធារណៈថា មាននូវការដាក់សំណើទៅកាន់រុស្ស៉ី៕