(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា អនុញ្ញាតឱ្យប្រតិភូកីឡាកម្ពុជា ចូលជួបសម្ដែងការគួម និងទទួលអនុសាសន៍ ណែនាំមួយចំនួន មុនពួកគេចេញទៅប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុងហង់ ចូវ (Hangzhou) ប្រទេសចិន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា កម្ពុជា នឹងបញ្ជូនប្រតិភូ មន្ដ្រីថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបចំនួន ១៨៩នាក់ លើ ១៧ប្រភេទកីឡា ចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះ។ ក្នុងនោះមានកីឡាករ-កីឡា ការិនីជាង ៥០នាក់ ដែលកំពុងហ្វឹកហាត់នៅចិន នឹងធ្វើដំណើរទៅទីតាំងប្រកួតតែម្ដង ខណៈ កីឡាករ-កីឡាការិនីជាង ៦០នាក់ ត្រូវចេញដំណើរពីកម្ពុជា។
អត្តពលិកកីឡាទាំង ១៧ប្រភេទ ដែលកម្ពុជាសម្រេចបញ្ជូនទៅចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡា គុនដាវ។ មកទល់ពេលនេះ មានកីឡាមួយចំនួន បានធ្វើដំណើរដល់ទីតាំងប្រកួតហើយ ពិសេស ក្រុមបាល់ទះបុរសក្នុងសាល ដែលត្រូវធ្វើការប្រកួតនៅល្ងាចថ្ងៃអង្គារនេះ ដោយត្រូជួបក្រុមឥណ្ឌា មុនគេ ក្នុងពូលC ។
សូមរំឮកថា កាលពី Asian Games លើកទី១៨ ឆ្នាំ២០១៨ ដែលធ្វើឡើងនៅឥណ្ឌូនេស៊ី កម្ពុជា បានបញ្ជូនអត្តពលិក ១៣ប្រភេទកីឡាចូលរួម និងដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេ ដាយមាស២ និងសំរឹទ្ធ១។ ក្នុងនោះវីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស១ និងសំរឹទ្ធ ១ និងវីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ដណ្ដើមបានមេដាយមាស១ ។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលកម្ពុជា ឈ្នះមេដាយមាសកីឡាអាស៊ី ២គ្រឿង បន្ទាប់ពីវីរ កីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ីជូនជាតិ លើកដំបូង កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ។
សម្រាប់ការប្រកួតកីឡាអាស៊ីឆ្នាំ២០២៣នៅចិននេះ ជាសោកស្ដាយសម្រាប់កម្ពុជា ម្ចាស់មេដាយមាសកីឡាអាស៊ីទាំងពីរ ពុំបានចូលរួមប្រកួតនោះទេ។ ប្រភេទកីឡាម៉ូតូទឹក មិនត្រូវបានម្ចាស់ផ្ទះចិនដាក់ចូល ដែលនាំឱ្យជើងខ្លាំងលំដាប់ពិភពលោក សាលី អ៊ូមើត និងកីឡាករឆ្នើមៗផ្សេងទៀត មិនអាចចូលរួមបាន។
រីឯកីឡាការិនី ខាន់ ចេសា ដោយសារមូលហេតុផ្ទាល់ខ្លួន គួបផ្សំត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភព លោកជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរី នាថ្ងៃទី៣០ ខែកញ្ញាផងនោះ នាំឱ្យ ចេសា ខកខានចូលរួមប្រកួត។ អាជ្ញាធរកីឡាកម្ពុជា រួមទាំង សហព័ន្ធសាមី ក៏បានគោរពតាមការសម្រេចចិត្តនេះដែរ៕