(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបចំពោះជនមួយចំនួន ដែលបានលើកឡើងថា ការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះ ខុសនឹងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ឆ្នាំ១៩៩១។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬរដ្ឋធម្មនុញ្ញ មិនបាន កំណត់ថា កម្ពុជាត្រូវមានគណបក្សប្រឆាំងនោះទេ។ រដ្ឋធម្មនុញ្ញគ្រាន់តែកំណត់អំពីលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សប៉ុណ្ណោះ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នារសៀលថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ឥឡូវសួរបន្តិច ទៅចុះ លោកឯងឆ្លើយឱ្យរួច ក្នុងកិច្ចព្រមព្រៀងប៉ារីស មានដាក់ពាក្យត្រូវតែមានបក្សប្រឆាំងទេ? ក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន តើមានដាក់ថាបក្សប្រឆាំងហើយឈ្មោះ “អាភ្លើងចន្លុះ” នេះទេ?»។
សម្តេចបន្តថា៖ «គេគ្រាន់តែនិយាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទេតើ គេអត់និយាយថា ត្រូវ តែមានបក្សប្រឆាំងនោះទេ គេកំណត់ថាប្រជាធិបតេយ្យសេរីពហុបក្ស គេនិយាយប៉ុណ្ណឹងតើ ម៉េចក៏ ហ្អែងថាខុសជាមួយកិច្ចព្រមព្រៀងក្រុងប៉ារីស ខុសនឹងរដ្ឋធម្មនុញ្ញ តើរដ្ឋធម្មនុញ្ញបានចែងទេ»។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសទទួលយកការសម្រេចនេះ ខណៈគណបក្សប្រមាណ ជាង១០ផ្សេងទៀត បានគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.ប។
ទោះជាយ៉ាងនេះក្តី គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ ដោយគណបក្សនេះ បានចោទថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមិនស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ថ្លែងកិច្ចពិធីសំណេះសំណាលដដែលនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបុគ្គលមួយចំនួន ដែលលើកឡើងបែបនេះ ពិនិត្យរដ្ឋធម្មនុញ្ញឡើយវិញឱ្យបានច្បាស់ ដែលរដ្ឋធម្មនុញ្ញពុំមានចែង អំពីបក្សប្រឆាំងទេ ប៉ុន្តែកំណត់ឱ្យមានសេរីពហុបក្ស ដូច្នេះការចូលរួមរបស់គណបក្សនយោបាយ ចំនួន១៨ ក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះ គឺជាពហុបក្ស។ សម្តេចបន្តថា «ការមើលស្រាលដល់បក្សទាំង១៨ គណបក្ស គឺជាការមើលស្រាលជាតិខ្មែរ ទាំងមូល»។
សម្តេចបានពន្យល់ថា ការដែលអត់មានមួយបក្ស ឬពីរបក្ស មិនបានបំផ្លាញដល់ប្រជាធិបតេយ្យទាំង មូលរបស់កម្ពុជាទេ។ សម្តេចតេជោ ក៏បានប្រាប់ទៅដល់ជនបរទេសឱ្យស្តាប់សំឡេងអ្នក ក្នុង ប្រទេសឱ្យបានច្រើន ហើយព្រមានថា បរទេសគ្មានភារកិច្ចដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ កម្ពុជានោះទេ។ សម្តេចក៏បានប្រាប់ឱ្យជនបរទេសទាំងនោះ មើលរដ្ឋធម្មនុញ្ញរបស់កម្ពុជាឱ្យបាន ច្បាស់លាស់ផងដែរ៕