ក្រសួងសុខាភិបាល ថ្លែងអំណរគុណធនាគារពិភពលោក និងអង្គការដៃគូទាំងអស់ រួមចំណែកលើក កម្ពស់សេវាសុខាភិបាលនៅកម្ពុជា

 (ភ្នំពេញ)៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) គម្រោងលើក កម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) គម្រោងឆ្លើយតបបន្ទាន់ នឹងជំងឺកូវីដ-១៩ (COVID-19 ERP) និងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានថ្លែងអំណរគុណ ដល់ធនាគារពិភពលោក និងដៃគូទាំងអស់ ដែលបានចូលរួមចំណែកលើកកម្ពស់សេវាសុខាភិបាល នៅកម្ពុជា។

ការថ្លែងដូច្នេះរបស់លោកជំទាវ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការបូកសរុប របាយ ការណ៍បេសកកម្មរបស់ក្រុមការងារគម្រោង ដើម្បីពិនិត្យវឌ្ឍនភាព និងការអនុវត្តគម្រោង H-EIQP, H-EQIP 2, CNP, CNP II, and COVID-19 ERP ដែលប្រព្រឹត្ដទៅនៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៣ នាសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោងអាហារូបត្ថម្ភនៃ ក្រសួងមហាផ្ទៃ, លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក លោក ស្រីជាក្រុមការងារអនុវត្តគម្រោង តំណាងធនាគារពិភាពលោក និងដៃគូពាក់ព័ន្ធនានា។

លោកជំទាវ រដ្ឋលេខាធិការប្រចាំការ និងជានាយកគម្រោង បានគូសរំលេចថា គម្រោង H-EIQP, H-EQIP 2, CNP, CNP II, and COVID-19 ERP បានទទួលលទ្ធផលគួរជាទីមោទនៈ ហើយកិច្ច ប្រជុំនាថ្ងៃនេះ ជាជំនួយដល់ការអនុវត្តគម្រោងឱ្យដំណើរការដោយជោគជ័យ និងទទួលបានលទ្ធ ផលទៅតាមផែនការគ្រោងទុក ព្រមទាំងជាធាតុចូលបន្ថែម ដើម្បីស្វែងយល់បន្ថែមពីនីតិវិធីអនុវត្ត គម្រោង ដើម្បីធានាការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ លោកស្រីក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោក និងដៃគូទាំងអស់ ដែលបានចូលរួមចំ ណែកលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា៕