(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថាសហរដ្ឋអាមេរិក នឹងផ្ដល់ការគាំទ្រឥតងាករេដល់អ៊ុយក្រែន ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែល នឹងចូលដល់គម្រប់ខួបមួយឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ។
លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាស្ដីពី «ស្ថានភាពសហព័ន្ធ» ឬ State of the Union address នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក បៃដិន បានគូស បញ្ជាក់ដូច្នេះថា «យើងនឹងឈរនៅជាមួយអ្នក ដរាបណាអ្នកត្រូវការពួកយើង។ ប្រជាជាតិរបស់ពួកយើងកំពុងធ្វើការដើម្បីសេរីភាព សេចក្ដីថ្លៃថ្នូរ និងសន្តិភាព ដោយមិនមែនត្រឹមតែ សម្រាប់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់គ្រប់ទីកន្លែងនៅលើពិភពលោក»។
គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំទីក្រុងវ៉ាស៊ីនតោន លោកស្រី អូកសាណា ម៉ាការ៉ូវ៉ា (Oksana Markarova) ក៏បានចូលរួមក្នុងពិធីថ្លែងសុន្ទរកថាស្ដីពី «ស្ថានភាពសហព័ន្ធ» របស់លោក ចូ បៃដិន នៅឯវិមានកាពីតូលផងដែរ។ សហរដ្ឋអាមេរិកបានសន្យាផ្ដល់ជំនួយយោធាជាង ២៩ពាន់ លានដុល្លារហើយសម្រាប់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ក្នុងនោះរួមមានទាំងជំនួយ យោធាចុងក្រោយបំផុតជាង ២.១៧ពាន់លានដុល្លារ ដែលរួមមានបញ្ចូលទាំងមីស៊ីលរយៈចម្ងាយ ឆ្ងាយជាលើកដំបូងបំផុត៕