រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសដាក់តំបន់មួយចំនួន ឱ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក

(ណៃពិដោ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣ អោយដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាស ដាក់តំបន់មួយចំនួន ឱ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក បន្ទាប់ពីខ្លួនបានសម្រេចដាក់ប្រទេស ក្នុងគ្រា អាសន្នរយៈពេល៦ខែទៀត។

ស្ថានីយទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានចេញផ្សាយសេចក្តីប្រកាសមួយ ដោយលោក អោង លីនវេ (Aung Lin Dwe) ដែលជាលេខាធិការ​នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) របស់របបយោធាមី យ៉ាន់ម៉ា ស្តីពីការដាក់ឱ្យអនុវត្តច្បាប់អាជ្ញាសឹកនៅតាមក្រុងសរុបចំនួន៣៧ ក្នុងតំបន់និង​រដ្ឋចំនួន ១៤នៃប្រទេសមីយ៉ាន់ម៉ា។ លោក អោង លីនវេ បានអះអាងថា​ ការប្រកាសច្បាប់អាជ្ញាសឹកបែបនេះ គឺជារឿងចាំបាច់ដើម្បីអាចរក្សា​សន្តិសុខនិងនីតិរដ្ឋបានដោយប្រសិទ្ធភាព។

ក្នុងចំណោមនោះ ១១ក្រុងស្ថិតនៅតំបន់សាហ្គាំង (Sagaing) និង៧ក្រុងនៅរដ្ឋឈិន (Chin) ជា តំបន់នៅភាគពាយព្យប្រទេស ដែលមានការ​ប្រយុទ្ធគ្នាខ្លាំងក្លា រវាងកងកម្លាំងរដ្ឋាភិបាល ហើយនិង ក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋប្រហារយោធា។ យោធាមីយ៉ាន់ម៉ាបានជួបការលំបាក ក្នុងការគ្រប់គ្រង អំពើបះបោរនៅទូទាំងប្រទេស ធ្វើឡើងដោយក្រុមប្រឆាំងនឹងរបបរបស់ខ្លួន ដែលបាននាំគ្នាជ្រើស រើសកាន់អាវុធ បន្ទាប់ពី​ចលនាបាតុកម្មដោយសន្តិវិធី ប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាការដណ្តើមអំណាចពីរដ្ឋាភិបាលស៉ីវិលរបស់ លោកស្រី អោងសាន ស៊ូជី ត្រូវ បានបង្រ្កាបដោយអំពើហិង្សាយ៉ាងចាស់ដៃ។

គួរបញ្ជាក់ថា កន្លងមកយោធាមីយ៉ាន់ម៉ា ក៏ធ្លាប់បានប្រកាសប្រើច្បាប់អាជ្ញាសឹកផងដែរ ជាពិសេស កាលពីកំលុងដើមឆ្នាំ២០២១ នៅយ៉ាងហ្គូន (Yangon) ដែលជាទីក្រុងធំជាងគេ។ យោងតាមអង្គការសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាផ្ទាល់ ជនស៉ីវិលយ៉ាងហោចជិត៣,០០០នាក់ ត្រូវបាន សម្លាប់ ចាប់តាំងពីយោធាបានឡើងកាន់អំណាចមក៕