(វ៉ាស៊ីនតោន)៖ តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា អ៊ីរ៉ង់បានបញ្ជូនក្រុមអ្នកជំនាញយោធា ទៅកាន់តំបន់គ្រីមៀគ្រប់គ្រងដោយ រុស្ស៉ី ដើម្បីបណ្ដុះបណ្ដាលយោធារុស្ស៉ីពីរបៀបប្រើប្រាស់ យន្ដហោះដ្រូនផលិតដោយអ៊ីរ៉ង់ ដែលទី ក្រុងមូស្គូត្រូវបានគេរាយការណ៍ថាកំពុងប្រើក្នុងការវាយប្រហារបំផ្លិចបំផ្លាញនៅទូទាំងប្រទេសអ៊ុយក្រែន។
សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីចារកម្មអាមេរិក ២រូប ដែល បានបញ្ជាក់ទៀតថារុស្ស៉ីបានប្រើយន្ដហោះដ្រូន រាប់រយគ្រឿង ដែលយកចេញពីឃ្លាំងនៅក្នុងតំបន់ គ្រីមៀ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនក៏បានធ្វើការសន្និដ្ឋានដែរថាយន្ដហោះដ្រូន ដែលរុស្ស៉ីកំពុងប្រើដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ជាប្រភេទ «យន្ដហោះដ្រូនអត្តឃាត» ផ្គត់ផ្គង់ដោយអ៊ីរ៉ង់។
ក៏ប៉ុន្តែ មកទល់នឹងពេលនេះទាំងខាងរុស្ស៉ី និងអ៊ីរ៉ង់បានច្រានចោលរាល់ការចោទប្រកាន់ ហើយក៏ មិនទាន់មានសេចក្ដីរាយការណ៍លម្អិតថាតើអ្នកជំនាញ យោធាអ៉ីរ៉ង់ប៉ុន្មាននាក់ត្រូវបានបញ្ជូន ទៅកាន់តំបន់គ្រីមៀនោះដែរ៕