ឥណ្ឌូនេស៊ី នឹងកម្ទេចចោលកីឡដ្ឋានបាល់ទាត់ ដែលមានឧប្បត្តិហេតុរត់ជាន់គ្នា សម្លាប់មនុស្សជាង ១៣០នាក់
(ហ្សាការតា)៖ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បាន អោយដឹងថា ឥណ្ឌូនេស៊ី នឹងកម្ទេចចោល ហើយសាងសង់ជាថ្មីនូវកីឡដ្ឋានបាល់ទាត់ដែលមាន ឧប្បត្តិហេតុរត់ជាន់គ្នា សម្លាប់មនុស្សជាង ១៣០នាក់ កាលពីដើមខែនេះ។ នេះបើតាមសម្តីប្រធានាធិបតី Joko Widodo បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារ ខណៈលោក បានប្តេជ្ញាថានឹង «ផ្លាស់ប្តូរឲ្យបានហ្មត់ចត់» ក្នុងវិស័យកីឡាដែលមានការគាំទ្របាល់ទាត់ខ្លាំងនៅទូទាំងប្រទេស។ ប្រធានាធិបតីបានប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយ លោក Gianni Infantino ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA។
«កីឡដ្ឋាន Kanjuruhan នៅទីក្រុង Malang… យើងនឹងកម្ទេចចោល ហើយសាងសង់ថ្មីឲ្យស្របតាម ស្តង់ដាររបស់ FIFA»។ នេះបើតាមការស្រង់សម្តីលោកប្រធានាធិបតី។
ឧប្បត្តិហេតុរត់ជាន់គ្នា បន្ទាប់ពីការប្រកួតក្នុងលីគមួយនៅទីក្រុង Malang កាលពីថ្ងៃទី០១ ខែតុលា ត្រូវបានគេស្តីបន្ទោសលើប៉ូលិស ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងកីឡដ្ឋាន ជាវិធានការគ្រប់គ្រងហ្វូងមនុស្សដែលត្រូវបានហាមឃាត់ដោយ FIFA។
ជំនួបរវាងលោក Jokowi និងលោក Infantino ត្រូវបានធ្វើឡើងបន្ទាប់ពីឥណ្ឌូនេស៊ី និង FIFA បានព្រមព្រៀងគ្នាបង្កើតក្រុមការងាររួមគ្នាមួយ បន្ទាប់ពីសោកនាដកម្មកីឡដ្ឋាន ហើយជំនួបនេះធ្វើ ឡើងខណៈឥណ្ឌូនេស៊ី កំពុងត្រៀមខ្លួនដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ Under-20 World Cup នៅឆ្នាំក្រោយផងដែរ៕