លោក ពូទីន និយាយថា គ្មាននរណាអាចឈ្នះ នៅក្នុងសង្រ្គាមនុយក្លេអ៊ែរ ឡើយ

 (ឡុងដ៍)៖ នេះបើតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថានឹងមិន មាននរណាម្នាក់អាចឈ្នះនៅក្នុងសង្រ្គាមនុយក្លេអ៊ែរឡើយ ហើយសង្រ្គាម របៀបនេះ ក៏មិនគួរឱ្យវា កើតឡើងនោះដែរ ខណៈរូបលោកផ្ទាល់តែងតែប្រើអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញកុំឱ្យប្រទេសដទៃ ធ្វើអន្តរាគមន៍យោធា ជួយអ៊ុយក្រែន។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងលិខិតមួយច្បាប់ទៅកាន់សន្និសីទស្ដីពីការមិនរីក សាយអាវុធនុយក្លេអ៊ែរនៅថ្ងៃចន្ទសប្ដាហ៍នេះ។ ក្នុង លិខិតនេះដដែល បុរសខ្លាំងរុស្ស៉ីរូបនេះបាន គូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ គ្មាននរណាម្នាក់អាចឈ្នះនៅក្នុងសង្រ្គាមនុយក្លេអ៊ែរឡើយ ហើយ ក៏មិនគួរឱ្យសង្រ្គាមបែបនេះកើតឡើងនោះដែរ។ យើងនឹងគាំទ្រសមភាព និងសន្តិសុខមិនអាច បំបែកបានសម្រាប់បណ្ដាប្រទេសទាំងអស់នៃសហគមន៍ អន្តរជាតិ»

សូមជម្រាបថា បើគេចាំមិនភ្លេចទេ នៅក្នុងសុន្ទរកថាប្រកាសបញ្ជូនកងទ័ពវាយសម្រុកចូលអ៊ុយ ក្រែន កាលពីចុងខែកុម្ភៈកន្លងទៅ លោក ពូទីន បានយក អាវុធនុយក្លេអ៊ែរមកសម្លុតគំរាមត្រង់ៗ កុំឱ្យប្រទេសណាមួយធ្វើអន្តរាគមន៍យោធាចូលជួយអ៊ុយក្រែន ហើយនៅប៉ុន្មានថ្ងៃក្រោយមក លោក ផ្ទាល់ បានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៉ីស្ថិតនៅក្នុងលក្ខណៈប្រុងជើងការ ត្រៀមប្រយុទ្ធគ្រប់ ពេលវេលាផងដែរ៕