(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ទៅក្នុងបរិយាកាស ដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីសំណាក់លោកស្រី Tina Red shaw ឯកអគ្គរាជទូត ចក្រភពអង់គ្លេសប្រចាំកម្ពុជានិងគណៈប្រតិភូអមដំណើរដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅទីស្តីការក្រសួងសាធារណការ។

បន្ទាប់ពីជំនួបសម្តែងការគួរសមនេះបានបញ្ចប់គណៈប្រតិភូក៏បានធ្វើដំណើរតាមរថយន្ដដើរដោយថាមពលអគ្គិសនី ដើម្បីធ្វើតេស្តសាកល្បងប្រសិទ្ធភាព នៃការប្រើប្រាស់រថយន្តប្រភេទនេះក្នុងដំណើរ ឆ្ពោះទៅចូលរួមកិច្ចពិភាក្សានៅសណ្ឋាគារ Raffles le Royal Hotel ក្រោមប្រធានបទ៖ «អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» ដោយមានការចូលរួម ពីលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «ថ្ងៃនេះខ្ញុំបានធ្វើដំណើរតាមរថយន្តដើរដោយ ថាមពលអគ្គិសនី I-Pace electric Jaguar មកចូលរួមកិច្ចពិភាក្សាថ្ងៃនេះ ជា បទពិសោធន៍ដ៏អស្ចារ្យ មួយរបស់ខ្ញុំ វាដូចជាការធ្វើដំណើរតាមរថយន្តម៉ាស៊ីនសាំងធម្មតាដូច្នោះដែរ ជារថយន្តអនាគតទំនើប ស្ងាត់ ប្រសិទ្ធភាព និងអាចធ្វើដំណើរបាន ដោយរលូននៅលើផ្លូវ»។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រ សម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) និងធានាឱ្យមានហេដ្ឋារចនា សម្ព័ទាំងមូល សម្រាប់ EVsនៅកម្ពុជា ក្នុងនោះរួមមាន៖ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោល អាគុយ និងធានាថា EVs ដែលនាំចូលមក កម្ពុជាមានគុណភាពល្អ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ក្រសួងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោ បាយជាតិស្តីពី ការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ២០២២-២០៣១ ហើយសេចក្តីព្រាងគោលនយោបាយជាតិនេះ ត្រូវបានឯកភាពជាគោលការណ៍ ដោយភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងវិទ្យាសាស្ត្រឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។
លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់ដែរថា រដ្ឋាភិបាលអូស្ត្រាលី បាននិងកំពុងផ្តល់គាំទ្រដល់ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ថាមពលកកើតឡើងវិញយ៉ាងសកម្ម ដែលជា ផ្នែកមួយនៃផែនការអភិវឌ្ឍន៍ ថាមពលសម្រាប់កម្ពុជា ដោយសហការជាមួយវិស័យឯកជន ហើយតាមការសិក្សាបឋម បានបង្ហាញ ឱ្យឃើញថា ប្រទេសកម្ពុជា មានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់យ៉ាងច្រើនដែលជាប្រភពថាម ពលកកើតឡើងវិញប្រកបដោយសក្កានុពល និងអាចធានាដល់ប្រសិទ្ធភាពនៃការចំណាយផងដែរ៕
