ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងបើកទ្វារទទួលភ្ញៀវទេសចរបរទេសឡើងវិញ ក្រោយករណីឆ្លងជំងឺកូវីដ១៩ ធ្លាក់ចុះយ៉ាងគំហុក

(ហ្សាកាតា)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ បញ្ជាក់អោយដឹងថា ទេសរដ្ឋមន្រ្តីលោក Luhut Pandjaitan បាននិយាយនៅថ្ងៃសុក្រ នេះថាប្រទេសឥណ្ឌូនេស៊ីអាចអនុញ្ញាតឱ្យអ្នកទេសចរបរទេសចាប់ផ្តើមវិលត្រឡប់មកកាន់កោះរមណីយដ្ឋានដ៏ពេញនិយមកោះបាលី និងផ្នែកផ្សេងទៀតនៃប្រទេសនៅខែតុលាខាងមុខនេះ បន្ទាប់ពី ករណីឆ្លងជំងឺកូវីដ១៩ ធ្លាក់ចុះយ៉ាងគំហុក។

លោក Luhut រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការដែន សមុទ្រនិងវិនិយោគបាននិយាយថា ករណីឆ្លងនៃជំងឺកូវីដ១៩ បានធ្លាក់ចុះរហូតដល់ ៩៤.៥ភាគរយ ចាប់តាំងពីការកើនឡើងខ្ពស់បំផុតកាលពីពាក់កណ្តាលខែកក្កដា។

លោក Luhut បានប្រាប់សន្និសីទសារព័ត៌មានថា «ថ្ងៃនេះយើងសប្បាយចិត្តណាស់ ដែលអត្រានៃ ការឆ្លងបានធ្លាក់ចុះទាបបំផុត…វាបង្ហាញថា ជំងឺរាតត្បាតនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ យើង»។

លោកបានបន្ថែមថា « យើងមានទំនុកចិត្តយ៉ាងខ្លាំងថា កោះបាលីអាចបើកឡើងវិញនៅខែតុលា ប្រសិនបើនិន្នាការដូចថ្ងៃនេះនៅតែបន្តកើតមាន»។
គួរបញ្ជាក់ថា ករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះយ៉ាងគំហុកនាប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ ដោយថ្ងៃនេះមានករណីឆ្លងថ្មីតែ ៣,៨៣៥ករណីប៉ុណ្ណោះ។ ជាសរុបប្រទេសអាស៊ានមួយនេះមានករណីឆ្លងទាំងអស់ចំនួន ៤,១៨៥,១៤៤ករណី ក្នុងនោះស្លាប់ ១៤០,១៣៨នាក់ និងជាសះស្បើយ ៣,៩៧៦,០៦៤នាក់៕