ខេត្តព្រះសីហនុ ៖ ប្រភពព័ត៌មានពីមន្ត្រីបំរើការងារ នៅអាកាសយានដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ននេះ មានជើងហោះហើរត្រង់ ចេញពីព្រលានយន្តហោះដនមឿង ប្រទេសថៃ ឆ្ពោះមកកាន់អាកាសយាដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ ជាផ្លូវការ និងជាកលដំបូងហើយ ដោយបាននាំយកភ្ញៀវ ចំនួន១៨០នាក់មកជាមួយផងដែរ។
មន្ត្រីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានបញ្ជាក់ថា ការហោះហើរជាលើកដំបូង គឺត្រូវបានចុះចតដោយសុវត្ថិភាព កាលពីវេលាម៉ោង ៣ និង ២០នាទីរសៀលថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ ២០១៩នេះ។ ជើងហោះហើរជាលើកដំបូងនេះ គឺបាននាំភ្ញៀវចំរុះជាតិសាសន៍ចំនួន ១៨០នាក់ ចេញពីប្រទេសថៃ ចូលមកខេត្តព្រះសីហនុ។ ទន្ទឹមគ្នានេះ ក៏មានភ្ញៀវទិញសំបុត្រជិះយន្តហោះដដែលនេះ ចេញពីអាកាសយានដ្ឋានខេត្តព្រះសីហនុ ហោះឆ្ពោះទៅកាន់ប្រទេសថៃវិញមានចំនួន១៧០នាក់ដែរ។
ទាក់ទិនការហោះត្រង់នេះ បើតាមមន្រ្តីក្រុមហ៊ុនអាកាសចរណ៍ បញ្ជាក់ថា ជារៀងរាល់សប្តាហ៍មានការហោះហើរត្រង់ចេញពីប្រទេសថៃ ឆ្ពោះមកអាកាសយានដ្ឋាន ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ មានចំនួន ៤ថ្ងៃ គឺនៅថ្ងៃ ច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ៕ ដោយ ៖ សហការី MVI_4200