ខេត្តព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នជនជាតិចិន៤នាក់ ដែលជាម្ចាស់អាគារ, ថៅកែក្រុមហ៊ុនម៉ៅការសំណង់ និងអ្នកជាប់ពាក់ព័ន្ធ ២នាក់ផ្សេងទៀត ក្នុងហេតុការណ៍បាក់រលំអាគារកំពស់ ៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។
តាមដីកាបង្គាប់សម្រេចឲ្យឃុំខ្លួន ៤សន្លឹកផ្សេងគ្នា ដែលសារព័ត៌មានគេហទំព័រ Tnaot.News ទើបទទួលបាននៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ម្ចាស់សំណង់អាគារកម្ពស់ ៧ជាន់ ដែលបានបាក់រលំនោះឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន មានស្រុកំណើតនៅខេត្តហ៊ូពែ ទីលំនៅបច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានមុខរបរជាពាណិជ្ជករ។
ជនសង្ស័យរូបនេះ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ» ហើយត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៧ មាត្រា ២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
ចំណែកមនុស្សចំនួន ៣នាក់ផ្សេងទៀតរួមមាន៖
១- ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ មុខរបរថៅកែម៉ៅការសំណង់
២- ឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ មុខរបរជាងសំណង់ និង៣- ឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មុខរបរមើលការងារក្នុងការដ្ឋាន កំពស់៧ជាន់ខាងលើ។ ជនសង្សេយទាំង៣នេះ ត្រូវបានតុលាការ ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា, សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិត ក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ»។ ទោសនេះ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រ ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
មន្ត្រីដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ឧបទ្ទវហេតុបាក់រលំអាគារកម្ពស់៧ជាន់ មានទីរាំងក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុខាងលើនេះ បានបិទបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។
មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះដែលក្រុមសមត្ថកិច្ចចម្រុះ បានជួយសង្រ្គោះយកចេញពីគំនរអាគារបាក់បែកសរុបមានចំនួន ៥៤នាក់។ ក្នុងនោះស្លាប់ចំនួន ២៨នាក់ ស្រី៤នាក់ និងរបួស ២៦នាក់ ស្រី២នាក់។
អាគារដែលបាក់រលំខាងលើនេះ បានកើរឡើង បីម៉ោងជិត៥ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
ក្រោតកើតហេតុ សមត្ថកិច្ចនគរបាល ក៏បានឃាត់ខ្លួនម្ចាស់សំណង់, ថៅកែម៉ៅការសាងសង់ និងអ្នកពាក់ព័ន្ធចំនួន២នាក់ សរុបមានគ្នា៤នាក់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងបន្ដនីតិវិធីច្បាប់។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ការដ្ឋានសំណង់កើតហេតុខាងលើនេះ មានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អាគារនេះពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអាគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ៕ ដែន អយុធ្យា