
កោះកុង÷ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ្មថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គិតចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៥ នេះ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានចូលមកស្នាក់នៅ និងកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តកោះកុង យ៉ាងច្រើនកុះករ។ យោងលើរបាយការណ៍ប្រធានការិយាល័យព័ត៌មានទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍ នៃមន្ទីរទេសចរណ៍ ខេត្តកោះកុង បានឱ្យដឹងថា÷ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំ្មថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ដែលមានរយៈពេល ៣ថ្ងៃ គិតពីរថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥ នេះ ចំនួនភ្ញៀវទេសចរជាតិ ដែលចូលមកស្នាក់នៅ នឹងកម្សាន្តក្នុងខេត្ត មានចំនួន ៤៦,៨៤៦ នាក់ កើនឡើង ២៧,៥២៦ នាក់ ស្មើនឹង ១៤២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤។ រីឯភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២,៤២៣ នាក់ កើនឡើង ១,៦០២ នាក់ ស្មើនឹង ១៩៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤។ សរុបទាំងភ្ញៀវជាតិ និងអន្តរជាតិ មានចំនួន ៤៩,២៦៩ នាក់ កើនឡើង ២៩,១២៨ នាក់ ស្មើរនិង ១៤៤% ធៀបនិងរយៈពេលដូចគ្នាឆ្នាំ ២០២៤។

ដោយឡែក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលបានចូលរួមលេងកំសាន្ត នៅតាមទីតាំងប្រារព្ធពិធីចង្ក្រាន្តឆ្នាំថ្មី រយៈពេល ៣ ថ្ងៃនេះដែរ នៅតាមបណ្ដា ក្រុង.ស្រុក មានចំនួនប្រមាណ ៣៣០,០០០ នាក់។ ក្នុងរបាយការណ៍បានបញ្ជាក់ថា: ការកើនឡើងភ្ញៀវទេសចរ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ ២០២៥ នេះ ចំនួនភ្ញៀវទេសចរណ៍កើនឡើង -មូលហេតុ ទី១- រដ្ឋបាលខេត្តបានរៀបចំការប្រគុំតន្ត្រី និងពិធីស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ ព្រមទាំងរៀបចំទីតាំង (តំបន់ត្រជាក់) ដែលមានរយៈពេល ៣ ថ្ងៃ។ ទី២- អាកាសធាតុមានអំណោយផលល្អ ទី៣- មានតំបន់ទេសចរណ៍ថ្មីៗជាច្រើនកន្លែង។ និងទី៤- ផ្លូវជាតិលេខ ១០ និងផ្លូវជាតិលេខ ៤៨ បានសម្រេចការសាងសង់ជាង ៩០% ដែលបានផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ក្នុងការធ្វើដំណើរ ៕ ដោយ សេន ពិសិដ្ឋ

