សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ​ស្ថានភាពសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក និងដោះស្រាយសំណូមពរមួយចំនួន

Oplus_131072

(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការចូលរួមរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្តលើកទី ២៩ សម្តេចបានឆ្លៀតចុះមកពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។

Oplus_131072

ក្នុងឱកាសចុះពិនិត្យស្ថានភាពនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដោះស្រាយនូវសំណូមពរមួយចំនួនជូនបងប្អូនសហគមន៍ទេសចរណ៍ផងដែរ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបានបង្ហោះវីដេអូអមដោយខ្លឹមសាទាំងស្រុងដូចខាងក្រោម៖

បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ខ្ញុំបានឆ្លៀតឱកាសចុះមកពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក​ ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិ នៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរ តាមបែបបទអ្នកទន្លេ​ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាប​ផងដែរ។

ជាមួយគ្នានេះ​ បន្ទាប់ពីបានទស្សនកិច្ច​ និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍​ ពិសេសអ្នកប្រកបរបរជាអ្នកបើកបរកាណូត​ និងអុំទូកបម្រើសេវាជូនអ្នកទេសចរ ខ្ញុំទទួលបាននូវសំណូមពរ​មួយចំនួន​ ហើយសម្រេចផ្តល់ជាដំណោះស្រាយជូនដូចខាងក្រោម៖

១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ​ លើផ្លូវក្រាលគ្រួសក្រហម​ដែលមានស្រាប់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ​ និងកាត់បន្ថយការហុយ
២. កសាងបញ្ជរលក់សំបុត្រថ្មី របស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដី ដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន
៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។

ខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍​ ដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយ​ ជាពិសេសក៏រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ​ និងបង្កើតផលិតផលទេសចរណ៍បន្ថែម នៅក្នុងខេត្តសៀមរាប៕