កម្ពុជាបង្ហាញភាពទាក់ទាញទេសចរណ៍ ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

(ឡុងដ៍)៖ លោក អ៉ិត វិជិត នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដឹកនាំប្រតិភូ និងក្រុមការងារវិស័យឯកជន ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Mart) ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំឡើងចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលកម្ពុជាបានចូលរួមសាជាថ្មីបន្ទាប់ពីការខកខានចាប់តាំងពីមានការរាតត្បាតពីជំងឺកូវីដ១៩។

ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះមានការចូលរួមពី១៨៤ប្រទេស និងស្ថាប័នទេសចរណ៍សំខាន់ៗទាំងរដ្ឋ និងឯកជនមកពី ៣,៨៧៥ស្ថាប័ន ព្រមទាំងមានអ្នកចូលរួមប្រមាណជាង៤៥ម៉ឺននាក់មកពីជុំវិញពិភពលោក។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកនាយកប្រតិបត្តិ អ៉ិត វិជិត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមានលោក Sorawong Thienthong​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ​,​ លោក​ ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ, លោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងឡុងដ៍, លោក Diminic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា​ និងលោកស្រី​ Thapanee Kiatphaibool ប្រធានគ្រប់គ្រងនៃអាជ្ញាធរទេសចរណ៍ថៃ
ព្រមទាំងជួបពិភាក្សាជាមួយតំណាងស្ថាប័នដែលមានឥទ្ធិពលជាច្រើន ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានជាតិ និងអន្ដរជាតិល្បីៗដូចជា BBC News, CNBC, CBS និងកិច្ចសម្ភាសន៍ជាមួយលោក Peter Greenberg Travel Detective ក្នុងកម្មវិធី «Hidden Gems» ជាដេីម ក្នុងគោលបំណងបង្ហាញនូវសក្ដានុពលទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសកម្ពុជា ទាំងទេសចរណ៍វប្បធម៌ ធម្មជាតិ និងបេតិកភណ្ឌឱ្យបានជ្រួតជ្រាបដល់ភ្ញៀវអន្ដរជាតិនៅជុំវិញពិភពលោក៕