រដ្ឋមន្ត្រី ហួត ហាក់ ជំរុញឱ្យក្រុម Influencer នៅកម្ពុជាចូលរួមយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍ ម្ហូបអាហារ ផលិតផលអនុស្សាវរីយ៍

(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តដល់បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) នៅកម្ពុជាចូលរួមយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍ ម្ហូបអាហារ ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ បង្ហាញពីជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងស្នាមញញឹមរបស់ប្រជាជនខ្មែរ។

ការជំរុញលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីសំណេះសំណាលរវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយបណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ក្នុងគោលបំណងជំរុញកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលផ្តោតលើចំណុចសំខាន់ៗចំនួន២៖ ១-សំណេះសំណាលជាមួយអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ស្តាប់ពីគំនិតថ្មីៗ បញ្ហាប្រឈម និងសំណូមពរ និង២-ផ្សព្វផ្សាយយុទ្ធនាការ «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទេសចរណ៍»។

ពិធីនេះដែរធ្វើឡើងនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ប្រមាណ១៣០នាក់។

លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ដែលបានចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជានាពេលកន្លងមក និងស្នើឱ្យបន្តយ៉ាងផុលផុសចំពោះការផលិតមាតិកាបន្ថែមទៀត ព្រមទាំងចូលរួមយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍ ម្ហូបអាហារ ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ បង្ហាញពីជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងស្នាមញញឹមរបស់ប្រជាជនខ្មែរ៕