កោះកុង÷មន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង បានរៀបចំពិធីប្រារព្ធបើកបវេសនការឆ្នាំសិក្សា ២០២៤-២០២៥ ដែលនឹងប្រព្រឹត្តធ្វើឡើងនាព្រឹក្ងៃសុក្រ ទី ១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាល រងខេត្ត និងលោក លោកស្រី មន្ត្រីរាជការមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង និងមាតាបិតា អាណាព្យាបាលសិស្ស។
ក្នុងពិធីបើកបវេសនកាល លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអានសារលិខិតរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យអង្គពិធីបានជ្រាបអំពីគោលបំណងសំខាន់ៗ នៃការបើកបវេសនកាលឆ្នាំសិក្សា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្តកោះកុង ក៏បានសំដែងនូវការអបអរសាទរ ចំពោះប្អូនៗសិក្សានុសិស្ស ដែលទទួលបានលទ្ធផលល្អ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៣-២០២៤
ហើយក៏ផ្ដាំផ្ញើដល់ក្មួយៗសិក្សានុសិស្សដែលមិនបានប្រឡងជាប់ កុំបាក់ទឹកចិត្ត កុំអស់សង្ឃឹម ពីព្រោះក្មួយៗនៅមានឱ កាសច្រើន ដូចនេះត្រូវបន្តខិតខំរៀនសូត្រ សិក្សាបន្ថែម ដើម្បីប្រឡងនៅឆ្នាំក្រោយម្តងទៀត។
ជាមួយគ្នានេះ លោកជំទាវមិថុនា ភូថង ស្នើដល់ប្អូនៗទាំងអស់ ត្រូវប្រកាន់គោលជំហរ នឹងត្រូវមានការជឿជាក់លើខ្លួនឯង ត្រូវតស៊ូអត់ធ្មត់ លើការសិក្សា ដើម្បីឈានទៅដល់ ក្តីស្រមៃនិងគោលបំណុល និងក្តីប្រាថ្នារបស់ខ្លួននាពេលអនាគត។
បន្ថែមពីនេះ លោកជំទាវអភិបាលខេត្ត ក៏បានស្នើដល់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំយុវជន និងកីឡា រដ្ឋបាលក្រុង.ស្រុក និងគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តឱ្យបានភ្ជាប់ខ្ជួន នៅស្តង់ដា ដែលជាស្តង់ដាសាលា រៀនគំរូ ចាប់ពីមត្តីសិក្សារហូតដល់មធ្យមសិក្សា រួមមានដូចជា÷ លទ្ធផលការសិក្សារបស់សិស្ស ការបង្រៀន និងការរៀន ការចូលរួមរបស់សហគមន៍ និងដំណើរប្រតិបត្តិការ រដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។
ថ្ងៃបវេសនកាល គឺជាឱកាសដ៏ល្អ សម្រាប់កុមារ ថ្ងៃបវេសនកាល គឺជាថ្ងៃបុណ្យបញ្ជូនកូនឲ្យចូលរៀនផងដែរ។
ពោលគឺ÷ ទំពាំងស្នងឬស្សី ប្អូនប្រុសស្រីស្នងជាតិ
- បានចូលរៀនពីវ័យក្មេង គឺមានសំណាងដល់វ័យចាស់៕ ដោយ សេន ពិសិដ្ឋ