ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍នេះនឹងមានការចូលរួមចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ និងវប្បធម៌ ផ្នែកឯកជន កីឡាករក្បាច់គុនចម្រុះ និងកីឡាករក្បាច់គុនសៅលីញវូស៊ូ (Wushu Shaolin) មកពីប្រទេសចិន ប្រទេសក្នុងតំបន់ និងពិភពលោក សរុបជាង១,២០០នាក់។
ក្នុងនាមជាភ្ញៀវកិត្តិយស លោករដ្ឋមន្ត្រី ហួត ហាក់ នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ និងកម្មវិធីគុនល្បុក្កតោ កម្ពុជា-ហឺណាន (Henan and Cambodia Bokator Martial Arts) ដែលនឹងមានការសម្ដែងរួមគ្នាក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនសៅលីញវូស៊ូ (Wushu Shaolin) នៅបរិវេណព្រះវិហារវត្ត Shaolin ដែលនឹងជាឱកាសក្នុងការផ្សព្វផ្សាយអំពីក្បាច់គុនល្បុក្កតោកម្ពុជា វឌ្ឍនភាពទេសចរណ៍កម្ពុជា ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តហឺណាន និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ជាពិសេសបន្តជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន និងអន្តរជាតិ៕