សាធារណរដ្ឋកូរ៉េផ្តល់ឧបករណ៍ជំនួយភ្នែក និងកុំព្យូទ័រមួយចំនួនដល់កម្ពុជា ដើម្បីជួយដល់សិស្ស-គ្រូជាង២៣០នាក់ដែលមានបញ្ហាចក្ខុ គិតជាតម្លៃសរុប២៥០,០០០ដុល្លារ

(ភ្នំពេញ)៖ ភាគីសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ឧបករណ៍ជំនួយភ្នែកម្យ៉ាងដែលហៅថា Dot Pad និងកុំព្យូទ័រមួយចំនួនដល់ភាគីកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់ជូនបន្តដល់សិស្ស២១៣នាក់ និងគ្រូ២០នាក់ដែលសុទ្ធតែមានបញ្ហាចក្ខុ ខណៈសម្ភារៈទាំងនោះមានតម្លៃសរុបដល់ទៅ២៥០,០០០ដុល្លារ។

ពិធីប្រគល់-ទទួលសម្ភារខាងលើនេះធ្វើឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ពុត សាមិត្ត អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី មូន ជុងឆយ (Moon Jung Choi) ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា។

សម្ភារៈទាំងនោះមានដូចជា ឧបករណ៍ជំនួយភ្នែក Dot Pad ចំនួន៤០គ្រឿង កុំព្យូទ័រយួរដៃចំនួន៥គ្រឿង និងកុំព្យូទ័របន្ទះចំនួន១០គ្រឿង។ Dot Pad គឺជាឧបករណ៍ជំនួយសម្រាប់អ្នកមានបញ្ហាចក្ខុ ដោយឧបករណ៍នេះវាអាចបកស្រាយមិនត្រឹមតែអត្ថបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រាហ្វគំនូសតាង ឬដ្យាក្រាមទៅជាអក្សរ Braille ដែលជាទម្រង់នៃភាសាសរសេរសម្រាប់មនុស្សមានបញ្ហាក្នុងការមើល។ ឧបករណ៍ជំនួយភ្នែក Dot Pad នេះដែរ ត្រូវបានផលិតដោយក្រុមហ៊ុនបណ្តាក់ទុនបច្ចេកវិទ្យា Dot ដែលដំបូងឡើយជាគំនិតផ្ដួចផ្ដើមរបស់អតីតអ្នកទទួលផលម្នាក់របស់ KOICA Creative Technology Solution (CTS)។ ដោយជឿថាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតអាចជួយបំពេញចន្លោះពីមុន KOICA បាននិងកំពុងវិនិយោគលើដំណោះស្រាយអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។ អតីតអ្នកទទួលផលមួយចំនួននៃ KOICA CTS បានបង្ហាញពីតម្លៃរបស់ពួកគេនៅលើឆាកពិភពលោក ហើយ Dot ក៏មាននៅក្នុងនោះផងដែរ។ នៅឆ្នាំ២០២៣ ក្រុមហ៊ុននេះបានផ្តល់រង្វាន់ «Best of Innovation» នៅក្នុងព្រឹត្តិការណ៍ Consumer Electronics Show (CES) ដែលជាការប្រកួតប្រជែងបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតមួយ ដែលធ្វើឡើងនៅទីក្រុងឡាសវេហ្កាស (Las Vegas) សហរដ្ឋអាមេរិក ក្នុងខែមករារៀងរាល់ឆ្នាំ។

លោកស្រី មូន ជុងឆយ បានឱ្យដឹងថា ការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា បានគិតថាដំណោះស្រាយនេះមានប្រសិទ្ធភាពដែលបានបង្ហាញរួចហើយ អាចត្រូវបានណែនាំសម្រាប់ការលើកកម្ពស់ការអប់រំរួមបញ្ចូលគ្នា។ វាបានទាក់ទាញជំនួយប្រមាណ២៥០,០០០ដុល្លារអាមេរិក ពីសេវាលទ្ធកម្មសាធារណៈនៃសាធារណរដ្ឋកូរ៉េ ដើម្បីបំពេញតម្រូវការរបស់កម្ពុជា។

លោកស្រី មូន បានថ្លែងយ៉ាងដូច្នេះថា «ឧបករណ៍ទាំងនេះអាចជាគន្លឹះសម្រាប់សិស្សដែលមានបញ្ហាចក្ខុ ពោលគឺនឹងជួយឱ្យពួកគាត់មានឱកាសសិក្សាច្រើនជាងមុន»។

លោកអនុរដ្ឋលេខាធិការ ពុត សាមិត្ត បានលើកឡើងដែរថា កំណែទម្រង់សាលារៀន ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព រួមបញ្ចូល និងសមធម៌ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនៃអាណត្តិទី៧។ លោកបានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់ជំនួយនេះ ដើម្បីជួយដល់សិស្សចំនួន២១៣នាក់និងគ្រូចំនួន២០នាក់ដែលមានបញ្ហាក្នុងការមើល និងគាំទ្រពួកគាត់ឱ្យទទួលព័ត៌មានបន្ថែមទៀត។

លោកអនុរដ្ឋលេខាធិការក្រសួងអប់រំបានបន្តថា ប្រភេទនៃបច្ចេកវិទ្យានេះនឹងពង្រីកជម្រើសរបស់យើងក្នុងការលើកកម្ពស់ការអប់រំដែលរួមបញ្ចូល។ ក្រសួងកំពុងទន្ទឹងរង់ចាំលទ្ធផលដែលបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតនេះនឹងនាំមកជូន។

គួរជម្រាបដែរថា ឧបករណ៍ជំនួយ Dot Pads ចំនួន៤០គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង និងកុំព្យូទ័រថេប្លេត១០គ្រឿងទាំងនេះ នឹងត្រូវចែកជូនដល់សាលានិងវិទ្យាស្ថានអប់រំពិសេសក្នុងរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងកំពង់ចាម៕