លោក Netanyahu រំលាយគណៈរដ្ឋមន្ត្រីសង្រ្គាម ខណៈភាពតានតឹងឡើងកម្ដៅ នៅព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល

Oplus_131072

(ហ្ស៊េរុយសាឡិម)៖ មន្ត្រីអ៉ីស្រាអែលម្នាក់ កាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា បាននិយាយថាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានរំលាយគណៈរដ្ឋមន្ត្រីសង្រ្គាម ដែលមាន សមាជិក៦រូប ស្របពេលមានការរំពឹងទុករួចទៅហើយថាលោកនឹងសម្រេចចិត្តធ្វើដូច្នេះ បន្ទាប់ពីអតីតឧត្តមសេនីយ៍លោក Benny Gantz ដកខ្លួនចេញពីគណ​ៈរដ្ឋមន្ត្រីមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

លោក Netanyahu ត្រូវបានរំពឹងថានឹងបើកកិច្ចពិភាក្សាប្រឹក្សាយោបល់ស្ដីពីសង្រ្គាមនៅហ្កាហ្សា ជាមួយសមាជិករដ្ឋមន្ត្រីមួយក្រុមតូច ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant និងរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រ លោក Ron Dermer ដែលសុទ្ធសឹងតែធ្លាប់ជាសមាជិកក្នុងគណៈរដ្ឋមន្ត្រីសង្រ្គាម។ ការប្រកាសពីការរំលាយគណៈរដ្ឋមន្ត្រីសង្រ្គាមរបស់ អ៉ីស្រាអែល ធ្វើឡើងចំពេលបេសកកជនពិសេសអាមេរិក លោក Amos Hochstein ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងនៅតាម បណ្ដោយព្រំដែនរវាងអ៉ីស្រាអែល និងលីបង់ ជាទីដែលអ៉ីស្រាអែលនិយាយថាក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់កំពុងនាំតំបន់ទាំងមូលឆ្ពោះទៅរកសង្រ្គាមទ្រង់ទ្រាយធំមួយ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កំពុងប្រឈមមុខនឹងការទាមទារពីអ្នកនយោបាយជាតិនិយមជាដៃគូនៅក្នុងក្រុមចម្រុះរបស់លោកសព្វថ្ងៃ ឱ្យបញ្ចូល រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich និងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir ជាសមាជិកក្នុងគណៈរដ្ឋមន្ត្រីសង្រ្គាម។ ប៉ុន្តែការធ្វើបែបនេះអាចនឹងបង្កភាពតានតឹង ជាមួយប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ដោយហេតុថារដ្ឋមន្ត្រីទាំង២រូបនេះមានគំនិតស្ដាំនិយមជ្រុល និងបានបដិសេធដាច់ខាត ចំពោះបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច៕