នាយកប្រចាំតំបន់របស់ WHO ថាប្រជាជនមួយចំនួនក្នុងតំបន់ហ្កាហ្សា កំពុងផឹកទឹកសម្អុយ និងបរិភោគចំណីសត្វ

(ហ្កាហ្សា)៖ នាយកប្រចាំតំបន់មេឌីទែរ៉ាណេខាងកើត នៃអង្គការសុខភាពពិភពលោក (WHO) លោកស្រី Hanan Balkhy បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រជាជនខ្លះ នៅក្នុងតំបន់ហ្កាហ្សា ឥឡូវនេះត្រូវបង្ខំចិត្តផឹកទឹកសម្អុយ និងបរិភោគចំណីសត្វ ខណៈសង្គ្រាម​រវាងអ៉ីស្រាអែល និង​ក្រុម​ហាម៉ាស​ ​បង្កផលប៉ះពាល់ដល់ការថែទាំ​សុខភាព​ទូទាំង​តំបន់​។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងបទសម្ភាសន៍មួយនៅឯទីស្នាក់ការកណ្តាល WHO ក្នុងទីក្រុងហ្សឺណែវ លោកស្រី Hanan Balkhy ដែលជាអ្នកជំនាញសុខភាពកុមារមួយរូបផងនោះ បានប្រាប់ AFP ថា ផលប៉ះពាល់ចំពោះកុមារ នឹងមានលក្ខណៈយូរអង្វែង ហើយធ្ងន់ធ្ងរ។ លោកស្រីបញ្ជាក់ថា នៅក្នុងតំបន់ហ្កាហ្សា «មានមនុស្សកំពុងបរិភោគចំណីសត្វ ស្មៅ ហើយផឹកទឹកសម្អុយ។ ក្មេងៗស្ទើរតែ​មិន​អាចរកអាហារ​បរិភោគ​បាន ខណៈ​រថយន្ត​ដឹកជំនួយកំពុង​ជាប់គាំងនៅ​ខាង​ក្រៅទីក្រុង Rafah»។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស ការទម្លាក់គ្រាប់បែក និងការវាយលុកជើងគោករបស់អ៉ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហារ ថ្ងៃទី៧ តុលារបស់ក្រុមហាម៉ាស បាននាំឱ្យមនុស្សស្លាប់កើនឡើងដល់ ៣៦,៥៥០នាក់ ហើយភាគច្រើនជាជនស៉ីវិល។ UN ធ្លាប់ព្រមានជាយូរមកហើយ អំពីគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ក្នុងតំបន់ហ្កាហ្សាដោយមនុស្ស ១.១លាននាក់ ឬជាងពាក់កណ្តាលនៃប្រជាជនសរុបក្នុងតំបន់ កំពុងប្រឈមមុខនឹងមហន្តរាយនៃអសន្តិសុខស្បៀង៕