(ជូបហ្សាណា)៖ ស្លូវេនីបានក្លាយជាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ចុងក្រោយគេបង្អស់ ដែលទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋឯករាជ្យមួយ បន្ទាប់ពីសភានៃប្រទេសអឺរ៉ុបមួយនេះ បានអនុម័តការធ្វើយ៉ាងដូច្នោះក្នុងសំឡេងគាំទ្រភាគច្រើន កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។
កាលពីសប្តាហ៍កន្លងទៅ រដ្ឋាភិបាលស្លូវេនីបានសម្រេចថា នឹងទទួលស្គាល់ប៉ាឡេស្ទីនជាប្រទេសមួយ ដែលមានឯករាជ្យនិងអធិបតេយ្យពេញលេញ បន្ទាប់ពីការបោះជំហានស្រដៀងគ្នា ដោយអេស៉្បាញ អៀរឡង់ និងន័រវែស នាពេលថ្មីៗនេះ ខណៈវាគឺជាផ្នែកនៃកិច្ចប្រឹងប្រែង សំដៅដាក់សម្ពាធលើអ៉ីស្រាអែលឱ្យបញ្ចប់សង្រ្គាមដ៏បង្ហូរឈាម ក្នុងដែនដីប៉ាឡេស្ទីន Gaza Strip។
មកទល់នឹងពេលនេះ ក្នុងចំណោមសមាជិកទាំង២៧ របស់ EU គឺស៊ុយអែត ស៊ីប ហុងគ្រី សាធារណរដ្ឋឆែក ប៉ូឡូញ ស្លូវ៉ាគី រ៉ូម៉ានី ប៊ុលហ្ការី អេស៉្បាញ អៀរឡង់ និងស្លូវេនី បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណៈប្រទេសម៉ាល់ត៍ ធ្លាប់បានអះអាងថា ខ្លួនក៏នឹងធ្វើដូចគ្នាផងដែរ ក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា អ៉ីស្រាអែលបាននិងកំពុងធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ Gaza គិតចាប់តាំងពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល១,២០០នាក់ ហើយមនុស្សជាង២៥០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ក្នុងចំណោមចំណាប់ខ្មាំងទាំងនោះ ប្រហែលជាង១០០នាក់ទៀត ត្រូវគេជឿថា កំពុងបន្តជាប់ឃុំឃាំង នៅ Gaza។ រីឯបើតាមអាជ្ញាធរសុខាភិបាលនៃតំបន់ Gaza វិញ គឺជនជាតិប៉ាឡេស្ទីនលើស៣៦,០០០នាក់ហើយ ដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៉ីស្រាអែល ក្នុងរយៈពេល៧ខែមកនេះ៕