ថៃអនុម័តវិធានការលើកទឹកចិត្តផ្នែកពន្ធ ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក

(បាងកក)៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul បាននិយាយថា គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តវិធានការលើកទឹកចិត្តផ្នែកពន្ធ ដើម្បីជំរុញទេសចរណ៍ក្នុងស្រុកក្នុងរដូវ ដែលមិនសូវសម្បូរភ្ញៀវទេសចរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកបន្តថា វិធានការដែលអនុវត្តចាប់ពីខែឧសភា ដល់ខែវិច្ឆិកាឆ្នាំនេះ រួមមានទាំងការកាត់បន្ថយពន្ធ សម្រាប់ក្រុមហ៊ុនដែលរៀបចំសន្និបាត និងសិក្ខាសាលាផងដែរ។

វិធានការផ្សេងទៀតត្រូវបានរៀបចំឡើង ដើម្បីជំរុញការធ្វើដំណើរក្នុងស្រុកទៅកាន់ទីក្រុងបន្ទាប់បន្សំផ្សេងៗ រួមទាំងអនុញ្ញាតឱ្យកាត់បន្ថយពន្ធលើប្រាក់ចំណូល សម្រាប់ហូមស្តេ (home stay) និងការចំណាយលើការស្នាក់នៅមិនមែនសណ្ឋាគារ។

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយថា វិធានការទាំងនេះ នឹងធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូលប្រមាណ ១,៥ពាន់លានបាត (៤១លានដុល្លារអាមេរិក) ប៉ុន្តែលោកបាននិយាយថា អត្ថប្រយោជន៍នឹងទទួលបានច្រើនជាងនេះមកវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕