រដ្ឋមន្ត្រីការពារជាតិកម្ពុជា ចេញទៅសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ ឬហៅថា កិច្ចសន្ទនាសាំងគ្រីឡា (Shangri-La ) ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ខណៈកិច្ចសន្ទនានេះនឹងមានវត្តមានរដ្ឋមន្រ្តីការពារជាតិប្រទេសជាង ៥០ចូលរួម។

អមដំណើរឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចូលរួមកិច្ចប្រជុំខាងលើរួមមាន៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច រួមជាមួយនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារពាតិដែលទទួលបានបញ្ជាក់ថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ នឹងមានសម័យប្រជុំពេញអង្គចំនួន៧ លើប្រធានបទដូចជា៖

*ទី១៖ ភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក
*ទី២៖ ការពង្រឹងការគ្រប់គ្រងវិបត្តិនៅពេលមានការប្រកួតប្រជែងកាន់តែកើនឡើង
*ទី៣៖ ការកសាងសន្តិសុខសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
*ទី៤៖ បញ្ហាប្រឈម សណ្តាប់ធ្នាប់សន្តិសុខឆ្លងតំបន់
*ទី៥៖ វិធីសាស្ត្ររបស់ចិនចំពោះសន្តិសុខសកល
*ទី៦៖ ការតភ្ជាប់សន្តិសុខមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក
*ទី៧៖ ការគិតគូរឡើងវិញអំពីដំណោះស្រាយសម្រាប់ស្ថិរភាពតំបន់។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញថ្លែងសុន្ទរកថា និងចែករំលែកទស្សនៈនៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្ដីពី «ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក» ដោយបង្ហាញទស្សនៈស្តីពី បញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក ក៏ដូចជាចែករំលែកនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់តំបន់ និងសកលលោកទាំងមូល។

ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជាចូលរួមជំនួបពិភាក្សាការងារទ្វេភាគី៕