(សៀមរាប)៖ ថ្លែងចេញពីខេត្ដសៀមរាប នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវ រក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រម សីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់។
ការណែនាំបែបនេះ ធ្វេីឡេីងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់ជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រូពេទ្យ, បុគ្គលិកសុខាភិបាល ត្រូវ រក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ ខ្ជាប់គ្រប់ពេលវេលានូវក្រម សីល ធម៌ វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយភាពស្មោះ ត្រង់, សុចរិតភាព និង ប្រកបដោយសមធម៌ ជាពិសេស ត្រូវធានាថា គ្មានអ្នក- ជំងឺ ណាម្នាក់ត្រូវបានរើសអើង និង បដិសេធការទទួលបានសេវាថែទាំព្យាបាល ដោយសារស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់បុគ្គល ឬគ្រួសារ, ទំនៀមទម្លាប់, សាសនា និន្នាការ នយោបាយឡេីយ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តខិតខំប្រឹងប្រែងលើកកម្ពស់ គុណ ភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំ សុខភាព សំដៅបង្កើនអត្ថ ប្រយោជន៍ សុខ ភាពរបស់អ្នកជំងឺ តាមរយៈការផ្តល់សេវាថែទាំសុខភាព គ្រប់ជ្រុងជ្រោយ រួមមាន សេវាអប់រំលើកកម្ពស់សុខភាព, សេវាបង្ការ, សេវាវិភាគរោគវិនិច្ឆ័យ, ព្យាបាល និង ថែទាំ, ការតាមដានវាយតម្លៃគុណភាព សេវា ដោយរាប់បញ្ចូលទាំងអភិបាលកិច្ច គ្លីនិក និង ការដាក់ចេញនូវវិធានការកែលម្អគុណភាពសេវាជាប្រចាំ, ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ប្រកបដោយនវានុវត្តន៍ និង ការបំពាក់បំប៉នចំណេះដឹង និងជំនាញដល់គ្រូពេទ្យ, បុគ្គលិកសុខាភិបាល ដើម្បីបង្កើនគុណភាពសេវាឲ្យដល់ស្ដង់ដារខ្ពស់ ដែលឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត អ្នកជំងឺ និង ពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជូនអ្នកជំងឺ ឬ ជនរងគ្រោះដែលត្រូវការសេវាសង្គ្រោះ បន្ទាន់ ឱ្យបានទាន់ពេលវេលា។ ក្នុងន័យនេះ, សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និង រថយន្ត គិលានសង្គ្រោះត្រូវត្រៀមលក្ខណៈរួចជាស្រេច ដោយមានគ្រូពេទ្យ បុគ្គលិកប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង, មានឧបករណ៍សង្គ្រោះ, ឱសថ និង មធ្យោបាយទំនាក់ទំនងគ្រប់គ្រាន់ សម្រាប់ អន្តរាគមន៍៕