ខេត្តកោះកុង រៀបចំការរត់ប្រណាំងដើម្បីប្រមូលមូលនិធិអភិវឌ្ឍន៍សហគមន៍ពាមក្រសោបនិងអបអរសាទរទិវានារីអន្តរជាតិ ៨មីនា

កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តចម្ងាយ ៨គីឡូ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ នាថ្ងៃទី៩ ខែមីនាឆ្នាំ២០២៤ ស្ថិតក្នុងស្រុកបូទុមសាគរ ចំណុចផ្លូវព្រឹទ្ធាចារ្យសាយ ភូថង មានកីឡាចូលរួមសរុបជិត ១០០០នាក់។

ទិវានារីអន្តរជាតិ ឆ្នាំ២០២៤ មានមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានថ្លែងថា ការរត់ប្រណាំងនេះ ក៏ធ្វើឡើងដើម្បីប្រមូលមូលនិធិ អភិវឌ្ឍន៍សហគមន៍ពាមក្រសោប នាពេលនេះ ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍នៃតំបន់អេកូទេសចរណ៍។

លោកស្រីអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តកំណត់អាទិភាពក្នុងការលើកកម្ពស់សមត្ថភាព យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យសំដៅពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារយធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបទ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងបន្តថែរក្សាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបង្កើនការវិនិយោគលើស្ត្រី ក្មេងស្រី និងបង្កើនភាព អង់អាចដល់ស្ត្រី ក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ និងសុខភាព។

ដោយឡែកសម្រាប់តំណាងអ្នកដែលរត់ប្រណាំងជាប់ដំណាក់ដាក់លេខ ១ រហូតដល់ ៥ខាងនារីមាន៥នាក់និងបុរស៥នាក់ លើកឡើងថាកម្មវិធីរត់ប្រណាំងនេះពិតជារៀបចំមានសម្រាប់ធ្នាប់សន្តិសុខល្អប្រសើរ។ កីឡាកររត់ប្រណាំងពិតជាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនជួយឲ្យសុខភាពល្អដូច្នេះពួកគេចង់ឲ្យពលរដ្ឋគ្រប់រូបចូលរួមលេងកីឡាឲ្យបានច្រើនជាវៀងទៅប្រព្រឹត្តអបាយមុខ ឬប្រើប្រាស់គ្រឿងញៀនដែលសង្គមមិនផ្ដល់តម្លៃអោយ។

គួរជម្រាបថា នេះជាលើកដំបូងហើយដែលរដ្ឋបាលខេត្តកោះកុងបាលរៀបចំឡើងសម្រាប់ពលរដ្ឋព្រមទាំងអ្នកទេសចរណ៍គ្រប់ស្រទាប់វណ្ណៈមកពីគ្រប់តំបន់ចូលរួមយ៉ាងសប្បាយរីករាយមានសុខភាពល្អក៏ដូចជាផ្សព្វផ្សាយពីតាអនុពលវិស័យទេសចរណ៍ផងដែរ៕