(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤។ សន្និបាតនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៥ និង៦ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមការជូនព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨៖០០ព្រឹក។ រីឯពិធីបិទប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨៖០០ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រសួងបានឱ្យដឹងទៀតថា ក្នុងសន្និបាតនេះ នឹងមានបទអន្តរាគមន៍ស្តីពីសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ បញ្ហាប្រឈម និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់អង្គភាពជំនាញក្រោមឱវាទក្រសួង។ បន្ទាប់ពីបទអន្តរាគមន៍ក៏នឹងមានការចូលរួមផ្តល់មតិយោបល់ពីថ្នាក់ដឹកនាំដោយផ្ដោតលើបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៤ សម្រាប់អង្គភាព និងនាយកដ្ឋានជំនាញ របស់ក្រសួងដែលត្រូវយកចិត្តទុកដាក់ និងខិតខំដោះស្រាយតាមផែនការជាយុទ្ធសាស្ត្ររបស់ក្រសួង សំដៅលើកកម្ពស់វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តម ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕