រដ្ឋមន្ត្រីក្រសួងការងារ៖ សូមឱ្យការចុះបញ្ជីប្រសាទកោះកេរ ក្លាយជាស្មារតីជាតិតែមួយក្រោម ម្លប់សន្តិភាព


 (ភ្នំពេញ)៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធីគោះគង អបអរសាទរការចុះបញ្ជី «រមណីយ ដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងពិធីដែលមានមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាប់រយនាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មវិធីព្រឹកនេះ គឺជាមោទកភាពជាតិថ្មីបន្ថែមទៀត ដែលមិនត្រឹមតែជាការអបអរសាទររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលក្រោមម្លប់សន្តិសភាព។

ឯកឧត្តម គូសបញ្ជាក់ថា៖ «តាមរយៈការចុះបញ្ជីនេះ សូមឱ្យមានស្មារតីជាតិតែមួយរួមគ្នាកសាង ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឲ្យកម្ពុជារុងរឿងឡើងវិញ ដូចសម័យបុរាណកាល ជាពិសេសសម័យអង្គរដ៏រុងរឿង»

ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការអប អរសាទរនៅតាមបណ្ដារោងចក្រ នៅតាមសាលារៀនបណ្ដុះបណ្ដាលបច្ចេកទេស និងប្រជាពលរដ្ឋ នៅទូទាំងប្រទេសដែលចូលរួមអបអរសាទរចំពោះការចុះបញ្ជីនេះដែលជាមោទកភាពមួយបន្ថែមទៀតរបស់ជាតិក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ និងអាណត្តិទី៧ ដែលបានខ្នះខ្នែង ចុះបញ្ជី «រមណីដ្ឋានប្រសាទកោះកេរ» រហូតបានទទួលជោគជ័យនាពេលនេះ។

«រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុង បញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅ ទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

គួរំលឹកថា តំបន់ប្រាសាទកោះកេរ ជាតំបន់រមណីយដ្ឋានទី៤ហើយរបស់កម្ពុជា ដែលត្រូវបានចុះ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បន្ទាប់ពីរមណីយដ្ឋានអង្គរ ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក, តំបន់ប្រាសាទព្រះវិហារ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា និងតំបន់ប្រាសាទសំបូរព្រៃគុកចុះថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ៕