(នីញ៉ាម៉េ)៖ មេដឹកនាំធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ បានបិទដែនអាកាសជាបណ្ដោះអាសន្ន បន្ទាប់ពីទាត់ចោលឱសានវាទរបស់ក្រុមប្រទេសអាហ្វ្រិកខាងលិច ជុំវិញការប្រគល់អំណាចទៅឱ្យលោកប្រធានាធិបតី មាហំាម៉ាត់ បាហ្សូម (Mohamed Bazoum) វិញ បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការធ្វើអន្តរាគមន៍ យោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។
ការប្រកាសពីការបិទដែនអាកាសខាងលើ ធ្វើឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្នុងពេលតែមួយដែលប្រជាជននីហ្សេរាប់ពាន់នាក់ប្រមូលផ្ដុំគ្នា នៅឯ កីឡដ្ឋានមួយក្នុងរដ្ឋធានី នីញ៉ាម៉េ ដើម្បីបង្ហាញការគាំទ្រដល់មេដឹកនាំធ្វើរដ្ឋប្រហារ។ អ្នកនាំពាក្យយោធានីហ្សេម្នាក់បានបញ្ជាក់ថាការសម្រេចចិត្តបិទដែនអាកាស ជាបណ្ដោះអាសន្ន ធ្វើឡើងដោយសារតែការគំរាមកំហែងធ្វើអន្តរាគមន៍យោធាពីសំណាក់ក្រុមប្រទេសអាហ្វ្រិកខាងលិច។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់អ្វី លម្អិតបន្ថែមនោះទេ ដោយគ្រាន់តែគូសបញ្ជាក់ដូច្នេះថា «នៅចំពោះមុខការគំរាមកំហែងធ្វើអន្តរាគមន៍យោធាដែលកំពុងលេចចេញកាន់តែច្បាស់ តាមរយៈការត្រៀម លក្ខណៈនៃបណ្ដាប្រទេសជិតខាង ដែនអាកាសនីហ្សេនឹងត្រូវបិទជាបណ្ដោះអាសន្នចាប់ពីថ្ងៃអាទិត្យនេះតទៅ (ទី៦ ខែសីហា) ចំពោះគ្រប់យន្ដហោះទាំងអស់ រហូតទាល់តែមានការជូនដំណឹងជាថ្មី»៕