(កំពង់ធំ)៖ ការរៀបចំឱ្យមានពិធីបុណ្យទន្ល បុណ្យសមុទ្រ ពិព័រណ៍ទេសចរណ៍ ក៏ដូចជាព្រឹត្តិការណ៍ ទេសចរណ៍នានា ត្រូវបានចាត់ទុកថាបានរួមចំណែកជួយផ្សព្វផ្សាយពីផលិតផលកសិកម្ម ផ្សព្វ ផ្សាយពីវិស័យវប្បធម៌ និងគោលដៅទេសចរណ៍បេតិកភណ្ឌ ក៏ដូចជាជួយអប់រំណែនាំពីវិស័យបរិ ស្ថានជាដើម។
តាមរយៈពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាល់ពីសកម្មភាពចូលរួមទស្សនារបស់ប្រជាពលរដ្ឋយ៉ាងកុះករ សកម្មភាពទិញលក់ ផលិតផលក្នុងស្រុកនៅស្ដង់ពិព័រណ៍ក៏មមាញឹក អមដោយការសម្ដែងសិល្បៈ របាំ ចម្រៀង តន្ត្រី សម័យ ការប្រកួតនិងលេងកីឡា ព្រមជាមួយទស្សនីយភាពជាច្រើនទៀតសម្រាប់ផ្ដល់ជូនប្រជាពល រដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តនាឱកាសពិធីបុណ្យនេះ។
ក្នុងកម្មវិធីបិទពិធីបុណ្យទន្លេលើកទី៧ រាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង ពីព្រោះកាលណាមានការរៀបចំព្រឹត្តិ ការណ៍ទេសចរណ៍នានា គឺមានការចូលរួមផ្សព្វផ្សាយពីសឹងគ្រប់វិស័យ ដូចជា វិស័យកសិកម្ម សិប្បកម្ម និងសហគ្រាស, វិស័យបរិស្ថាន សហគមន៍, វិស័យវប្បធម៌ សិល្បៈ, វិស័យកីឡា ព្រមទាំងការអប់រំ ណែនាំ ផ្សព្វផ្សាយជាច្រើនទៀត។
ឯកឧត្តម ថ្លែងថា «វិស័យទេសចរណ៍ជាអ្នកលក់, វិស័យកសិកម្ម គឺជាអ្នកផលិត, វិស័យបរិស្ថាន គឺជាអ្នកផលិតផង និងការពារផង, រីឯវិស័យវប្បធម៌ គឺជាការពារផង និងផ្សព្វផ្សាយផង ដូច្នេះការ ផ្សព្វផ្សាយផលិតផលទាំងនោះគឺតាមរយៈព្រឹត្តិការណ៍ទេសចរណ៍នេះឯង»។
ឯកឧត្តម ថោង ខុន បានបន្តថា ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការរៀបចំឱ្យមានព្រឹត្តិការណ៍ ទេសចរណ៍នានា គឺខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍកសិកម្ម វិស័យបរិស្ថាន វិស័យវប្បធម៌។ ឯកឧត្តម ថា សម្ដេចតេជោនាយករដ្ឋមន្ត្រីតែងមានប្រសាសន៍រាល់ពេលថា ទេសចរណ៍គឺជាការ នាំចេញនៅនឹងកន្លែង ផលិតផលទាំងអស់គឺយកមកដាក់តាំងលក់ក្នុងពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីឱ្យប្រជាជនទិញប្រើប្រាស់បាន។
ឯកឧត្តម បានបន្តថា វិស័យវប្បធម៌ គឺពង្រឹងការគ្រប់គ្រងតំបន់បេតិកភណ្ឌ សហគមន៍របស់ប្រជា ពលរដ្ឋ របស់របរប្រើប្រាស់ជាប្រពៃណី ពង្រឹងសមត្ថភាពការសម្ដែងរបស់ក្រុមសិល្បៈ ដើម្បីបង្ហាញ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិតាមរយៈព្រឹត្តិការណ៍ទេសចរណ៍។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបន្ថែមដែរថា ប្រទេសកម្ពុជាមានសក្ដានុពលវប្បធម៌យ៉ាងច្រើន ទាំងវប្បធម៌រូបី-អរូបី ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងភាពសម្បូរបែបផ្សេងទៀតនៃវិស័យវប្បធម៌ខ្មែរ។ កម្ពុជាគឺមានបណ្ដាញទេសចរណ៍បេតិកភណ្ឌពិភពលោកនៅជាប់ៗគ្នា ដែលមិនមានប្រទេសណា ងាយមានដូចនោះទេ។
ឯកឧត្តម បន្តទៀតថា វិស័យបរិស្ថានក៏ដូច្នេះដែរ កាលណាមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ នានា គឺជាឱកាសសម្រាប់ផ្សព្វផ្សាយផលិតផលរបស់សហគមន៍ព្រៃឈើ សហគមន៍អេកូទេស ចរណ៍ និងសហគមន៍ផ្សេងទៀតដែលនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងអង្គការ នានា។ ព្រឹត្តិការណ៍ទេសចរណ៍ក៏ជាឱកាសសម្រាប់អប់រំ ណែនាំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យុវជន និស្សិត សិស្សានុសិស្សឱ្យចូលរួមថែរក្សាការពារព្រៃឈើ បរិស្ថាន អនាម័យ ភាពបៃតង ការទុកដាក់សំរាមនិងកាកសំណល់ ពីព្រោះភាពស្អាតជាភាពទាក់ទាញមួយ។
ចំពោះរដ្ឋបាលខេត្តម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍នីមួយៗក៏ខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ តុបតែងរៀបចំសោភ័ណភាព និងអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋយ៉ាងសកម្មផងដែរ។ នេះបើតាមការបន្ថែមរបស់លោករដ្ឋមន្ត្រីទេសចរណ៍។
គួរជម្រាបថា នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ គឺមានផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់នៅ តាមស្ដង់ពិព័រណ៍ដែលផលិតបានក្នុងស្រុក និងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ លោករដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងគណៈកម្មាធិការជាតិជំរុញចលនាភូមិ មួយផលិតផលមួយក៏បានកត់សម្គាល់ដែរថា ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ច្រើននឹងផលិត ផលក្នុងស្រុកយ៉ាងខ្លាំងដែរ ដោយពួកគាត់កាន់តែស្គាល់ពីឈ្មោះផលិតផល ដឹងពីគុណភាពប្រើ ប្រាស់ រួមជាមួយតម្លៃសមរម្យ សន្សំសំចៃជាងការទិញទំនិញនាំចូលទៀតផង៕