(ភ្នំពេញ)៖ «យើងខ្ញុំនឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា»។ នេះជាការអះអាងរបស់ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បញ្ជាក់ទៀតថា លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវក្តីសោមន្សរីករាយចំពោះតួនាទីរបស់លោកនៅកម្ពុជា ដែលជាប្រទេសមានប្រវត្តិ សាស្រ្ត និងកេរ្តិ៍មរតកវប្បធម៌ដ៏អស្ចារ្យ ព្រមទាំងបានអះអាងអំពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើនគ្រប់វិស័យ រវាងប្រទេសទាំងពីរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញដោយការពេញចិត្តថា ឆ្នាំ២០២២ គឺជាឆ្នាំប្រសើរ បំផុតនិងប្រកបដោយអត្ថន័យ នៅក្នុងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ដោយសារមានការ ផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់យ៉ាងច្រើន។ លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការ ពេញចិត្តចំពោះជំនាញ និងបទពិសោធន៍របស់ឯកអគ្គរដ្ឋទូតថ្មី ក្នុងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលនឹងត្រួសត្រាយផ្លូវបន្ថែមទៀតសម្រាប់កិច្ចសហការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងបរិបទនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុង ជ្រោយក្នុងតំបន់ (RCEP)។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើមធ្យោបាយ និងវិធីសាស្រ្តនានា ដើម្បីលើកកម្ពស់បន្ថែមទៀត នូវភាពជាដៃគូទ្វេភាគី ក្នុងវិស័យជាច្រើន ដូចជា ពាណិជ្ជកម្មនិងសេដ្ឋកិច្ច សុខាភិបាល ការផ្គត់ផ្គង់ កម្លាំងពលកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ យោធា ការអភិវឌ្ឍធនធានមនុស្ស យុត្តិធម៌ និង ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងជំនួយរបស់សាធារណរដ្ឋ កូរ៉េ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ដោយគម្រោងស្ពានមិត្ត ភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ គឺជាឧទាហរណ៍ថ្មីបំផុតនៃការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកអគ្គរដ្ឋទូត អំពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលក្រសួង ការបរទេសកម្ពុជា បានដាក់ចេញក្នុងឆ្នាំ២០២១ ផងដែរ។
នៅចុងបញ្ចប់នៃជំនួប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Park Jung-Wook បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហានានាដែលជាផលប្រយោជន៍រួម នៅក្នុង វេទិកាពហុភាគី៕