(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វីស)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកថា កម្ពុជាជាប្រទេសបំភាយឧស្ម័នតិចបំផុត តែកម្ពុជា មានទំនួលខុសត្រូវខ្ពស់ លើផលប៉ះពាល់ផ្នែកបរិស្ថាន ហើយចូលរួមយ៉ាងសកម្មក្នុងការចូលរួម បន្ធូរបន្ថយនូវបញ្ហាបម្រែបម្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រីពាំណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងកម្មវិធីពិសារអាហារពេលល្ងាចរៀបចំដោយ វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ ស្តីពីការសន្យាបៃតងរបស់អាស៊ាន «ASEAN’s Green Promise» កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ពិធីនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំកំពូលនានាលើពិភពលោក ដែលនឹងចែករំលែកគំនិតយោបល់នានា លើការប្រយុទ្ធ ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបានអញ្ជើញឱ្យឡើងចែក រំលែកទស្សនទានរបស់កម្ពុជា លើកិច្ចការពារបរិស្ថាន និងការប្រយុទ្ធប្រឆាំងការបម្រែបម្រួល អាកាសធាតុផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេចពីក្តីព្រួយបារម្ភចំពោះផលប៉ះពាល់ជាអវិជ្ជមាន បណ្តាលមកពីបម្រែ បម្រួលអាកាសធាតុ និងកាតព្វកិច្ចចម្បងក្នុងការចូលរួមការពារជនងាយរងគ្រោះនៅក្នុងសង្គម។
លោក ប៉ាន សូរស័ក្តិ បានរំលឹកពីការផ្តួចផ្តើមរបស់កម្ពុ ជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កន្លង ដែលកម្ពុជាបានផ្តួចផ្តើមគំនិតបង្កើតកិច្ចព្រមព្រៀងបៃតងអាស៊ាន «ASEAN Green Deal» ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្នុងគោលបំណងដឹកនាំអាស៊ានឆ្ពោះទៅរកអនាគត បៃតង មានកម្រិតឧស្ម័នកាបូនិកទាប និងប្រកបដោយចីរភាព។ ការផ្តួចផ្តើមគំនិតនេះ គឺបង្ហាញ ពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ជាពិសេស ដើម្បី សម្រេចឱ្យបាននូវអព្យាក្រឹត្យភាពកាបូន (Carbon Neutrality)។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមទៀតថា គ្រប់វិស័យទាំងអស់គួរតែដើរទន្ទឹមគ្នាទាំងកម្មវិធី និង គម្រោង ផ្សេងៗ សំដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបរិស្ថាន «Paris Agreement» និងនៅក្នុង កិច្ចប្រជុំ COP26 កន្លងមក។
ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកបង្ហាញដែរថា ទោះបីកម្ពុជាជាប្រទេសបំភាយ ឧស្ម័នតិចបំផុតក៏ដោយក៏កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមបន្ធូរបន្ថយនូវបញ្ហាបម្រែបម្រួលអាកាសធាតុ។ ជាក់ស្តែង កម្ពុជាបានបែងចែកនូវកញ្ចប់ថវិកាមួយចំនួន សម្រាប់បម្រើឱ្យសកម្ម ភាពនានាពាក់ព័ន្ធនឹងអាកាសធាតុ និងបានដាក់រួមបញ្ចូលគ្នានូវថាមពលកកើតឡើងវិញ នៅក្នុង វិស័យថាមពលចម្រុះផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាបានអនុម័តច្បាប់វិនិយោគថ្មី ដែលគាំទ្រដល់បរិស្ថាន និងបានលើកទឹកចិត្តវិស័យហិរញ្ញវត្តុ ដើម្បីជំរុញវិស័យឯកជនឱ្យវិនិយោគបន្ថែម សំដៅឆ្លើយតបទៅ នឹង បម្រែបម្រួលអាកាសធាតុ។
ក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាជាផ្នែកមួយនៃអាស៊ាន និងកំពុងធ្វើការសហ ការគ្នាសំដៅរៀបចំយុទ្ធសាស្ត្រអាស៊ាន ស្តីពីអព្យាក្រឹត្យភាពកាបូន។ ជាក់ស្តែងនៅខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានទើបតែបានអនុម័តនូវឯកសារទស្សនទាន (Concept Note) សម្រាប់រៀបចំយុទ្ធសាស្ត្រខាងលើនេះរួចទៅហើយ នៅក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន ថាមពល និងកសិកម្ម ដែលជាកិច្ចប្រជុំអមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ បច្ចុប្បន្ន កម្ពុជា ស្ថិតលើមាគ៌ាឆ្ពោះទៅរកប្រទេសមានអព្យាក្រឹត្យភាពកាបូន៕