សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយកំណើន GDP ៣.១% ក្នុងឆ្នាំ២០២១, ៥.៣% ឆ្នាំ២០២២ និង៤.៩% ក្នុងឆ្នាំ២០២៣

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានលើកឡើងថា សេដ្ឋកិច្ចអាស៊ាន កំពុងងើបឡើងវិញ ក្នុងរយៈពេល៣ឆ្នាំនេះ ជាមួយនឹងកំណើន ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣.១% ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុក ៥.៣% ឆ្នាំ២០២២ និង៤.៩% ក្នុងឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ អាស៊ានឆ្នាំ២០២២ ដែលធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

«យោងតាមការវាយតម្លៃ និងព្យាករណ៍ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO)សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣.១% ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុកនូវកំណើន ក្នុងអត្រា ៥.៣% និង ៤.៩% ក្នុងឆ្នាំ២០២២ និង២០២៣រៀងគ្នា»។ នេះបើតាមការបញ្ជាក់របស់ប្រធានអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ជិតបីឆ្នាំមកនេះ អាស៊ានបានខិតខំរួមគ្នាឥតស្រាក ស្រាន្ត ក្នុងការដាក់ចេញវិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយនូវវិបត្តិ កូវីដ១៩ កាត់បន្ថយផលប៉ះពាល់មកលើសង្គមសេដ្ឋកិច្ច និងជាពិសេសបានដាក់ចេញនូវ «ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF)» សំដៅជំរុញការអភិវឌ្ឍ វិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជា មួយកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្តារឡើងវិញពីវិបត្តិ នៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ី អាគ្នេយ៍ និងជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹក នាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍៕