(សិង្ហបុរី)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានអោយដឹងថា តម្លៃប្រេងឆៅបានធ្លាក់ចុះនៅ ថ្ងៃអង្គារ ខណៈដែលវិនិយោគិនបានផ្តោតលើចក្ខុវិស័យ មិនល្អអំពីតម្រូវការប្រេងឥន្ធនៈស្របពេល ដែលទិន្នន័យឧស្សាហកម្មផលិតកម្មបានបង្ហាញពីការធ្លាក់ចុះផលិតកម្មជាសកល។
តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាជួញដូរអនាគតធ្លាក់ចុះ ៧៧សេន ឬ ០,៨ភាគរយ មក នៅត្រឹម ៩៩,២៦ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅប្រភេទ WTI ក្នុងកិច្ចសន្យាជួញដូរ អនាគតបានធ្លាក់ចុះ ៦៧សេន ឬ ០,៧ភាគរយមកនៅត្រឹម ៩៣,២២ដុល្លារក្នុងមួយបារ៉ែល។
ការធ្លាក់ចុះនេះបានកើតឡើងបន្ទាប់ពីតម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះកាលពីថ្ងៃចន្ទដល់ ៩៩,០៩ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី១៥ ខែកក្កដាមកស្របពេល ដែលតម្លៃប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ៩២,៥២ដុល្លារក្នុង មួយបារ៉ែល ដែលជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី១៤ ខែកក្កដាមក។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំណេររបស់លោក Edward Moya អ្នក វិភាគទីផ្សារជាន់ខ្ពស់មកពីក្រុមហ៊ុន OANDA បានថ្លែងថា៖ «តម្លៃប្រេងឆៅបានធ្លាក់ចុះបន្ទាប់ពីទិន្នន័យសកម្មភាពរោងចក្រជាច្រើនបានបង្ហាញថា ពិភពលោក កំពុងដើរឆ្ពោះទៅរកការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដ៏ខ្លាំង និងដោយសារការរំពឹងថានឹងមានទិន្ន ផលប្រេងកាន់តែច្រើនបន្ទាប់ពីក្រុមហ៊ុនផលិតប្រេងទទួលបានប្រាក់ចំណូលដ៏ល្អ»។
ការព្រួយបារម្ភអំពីការដើរថយក្រោយនៃសេដ្ឋកិច្ចបានកើនឡើងកាលពីថ្ងៃចន្ទ ខណៈដែលការស្ទង់ មតិនានាពីសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីបានបង្ហាញថា រោងចក្រផលិតកម្មនានាបានតស៊ូបង្កើន សន្ទុះសកម្មភាពផលិតកម្មនៅក្នុងខែកក្កដា ហើយតម្រូវការសកលខ្សោយ និងការដាក់កម្រិតយ៉ាង តឹងរ៉ឹងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ របស់ប្រទេសចិនបានធ្វើឱ្យផលិតកម្មថយចុះ។
ការធ្លាក់ចុះតម្លៃក៏កើតមានឡើងផងដែរនៅពេលដែលទីផ្សារកំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅថ្ងៃពុធរវាងអង្គការប្រទេសនាំចេញប្រេង (OPEC) និងប្រទេសសម្ព័ន្ធមិត្តរួមទាំង ប្រទេសរុស្ស៊ីផងដែរ ដែលរួមគ្នាត្រូវបានគេស្គាល់ថាជា OPEC+។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺ កិច្ចប្រជុំនេះធ្វើឡើងដើម្បីសម្រេចចិត្តលើទិន្នផលប្រេងប្រ ចាំខែកញ្ញា៕