លោកស្រី ផេឡូស៊ី ចាប់ផ្ដើមកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំតៃវ៉ាន់ ក្នុងដំណើរទស្សនកិច្ចដ៏ចម្រូង ចម្រាស


 (តៃប៉ិ)៖  តាមការចេញផ្សាយដោយសារព័ត៌មាន DW នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ បាន អោយដឹងថា ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បានធ្វើដំណើរទៅ ដល់សភាតៃវ៉ាន់ហើយនៅថ្ងៃពុធនេះ ជាការចាប់ផ្ដើមបំពេញ ទស្សនកិច្ចដ៏ចម្រូងចម្រាស និងជួប ពិភាក្សាការងារជាមួយសមាជិកសភាជាន់ខ្ពស់តៃវ៉ាន់។

ថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយមុននឹងចាប់ផ្ដើមកិច្ចប្រជុំនៅឯសភាតៃវ៉ាន់ លោកស្រី ផេឡូស៊ី បាន បញ្ជាក់ដូច្នេះថា «យើងមកដើម្បីមិត្តភាពចំពោះតៃវ៉ាន់។ យើងមកដើម្បីសន្តិភាពនៅក្នុងតំបន់»។ លោកស្រី ផេឡូស៊ី ដំបូងឡើយ គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានសភាតៃវ៉ាន់ លោក យូ ស៊ី គុន (You Si-Kun) តែដោយសារលោក យូ ឆ្លងកូវីដ ដូច្នេះលោកស្រីនឹងត្រូវទទួលស្វាគមន៍ ដោយអនុប្រធានសភាតៃវ៉ាន់ លោក ត្សៃ ឈីចាង (Tsai Chi-Chang)។

គួរបញ្ជាក់ថា លោកស្រី ផេឡូស៊ី ក៏នឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន ព្រមទាំងសកម្មជនប្រជាធិបតេយ្យហុងកុង និងតៃវ៉ាន់ផងដែរ នៅថ្ងៃពុធនេះ៕